(អាមេរិក)៖ អាជ្ញាធរអាមេរិកបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន ៣៣នាក់ បានទទួលរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងក្នុងស្ថានីយ៍មួយកន្លែង នៅជាយក្រុង ហ្វីឡាឌែលហ្វ្យ៉ា (Philadelphia) នៃរដ្ឋ ភេនស៊ីលវេនៀ (Pennsylvania)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA Today នៅរសៀលថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
អ្នកនាំពាក្យអាជ្ញាធរដឹកជញ្ជូននៃរដ្ឋ Pennsylvania បានថ្លែងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២៖១៥នាទី រំលងអាធ្រាតថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅតំបន់កើតហេតុ)។ អ្នកនាំពាក្យគឺលោកស្រី ហ៊ីធើ រេដហ្វ្រេន (Heather Redfren) បានបញ្ជាក់ថា រថភ្លើងល្បឿនលឿនមួយគ្រឿងធ្វើដំណើរមកពីទីក្រុង ណ័ររីសថោន (Norristown) បានជ្រុលទៅបុកនឹងរថភ្លើងដែលគេចតចោល និងគ្មានអ្នកដំណើរមួយគ្រឿងផ្សេងទៀត នៅឯស្ថានីយ៍ 69th Street Terminal ក្នុងសង្កាត់ អាប់ភើ ដាបាយ (Upper Darby) នៃទីក្រុង Philadelphia។
គួរបញ្ជាក់ មនុស្ស៣៣នាក់ បានរងរបួសនៅក្នុងហេតុការណ៍នេះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដើម្បីទទួលការព្យាបាលហើយ ខណៈ ០៤នាក់ក្នុងចំណោមនោះរងរបួសធ្ងន់៕