អវកាសយានិកចិន និងអឺរ៉ុបចំនួន ១៨រូប ទើបបញ្ចប់ការហ្វឹកហ្វឺនលើផ្ទៃសមុទ្រ ដើម្បីត្រៀមខ្លួនបំពេញបេសកកម្មនៅទីអវកាស!
22-08-2017 14:08
(ប៉េកាំង)៖ ក្រុមអវកាសយានិកចិន ១៦រូប រួមទាំងអឺរ៉ុប ០២រូប បានបញ្ចប់ជាស្ថាពរហើយ នូវការហ្វឹកហាត់ការរស់រាននៅលើផ្ទៃសមុទ្រ នៅក្បែរទីក្រុង យ៉ានតៃ (Yantai) ក្នុងខេត្ត សានទុង (Shandong) ភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
កម្មវិធីរួមរយៈពេល ១៧ថ្ងៃនេះ គឺជាលើកដំបូងបំផុតសម្រាប់អវកាសយានិកចិន ក្នុងការអនុវត្តន៍ការហ្វឹកហាត់បែបនេះ នៅលើផ្ទៃសមុទ្រ។ រៀបចំដោយមជ្ឈមណ្ឌលអវកាសយានិកចិន ACC កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីជួយត្រៀមលក្ខណៈ ចំពោះក្រុមអវកាសយានិកជាមួយជំនាញ និងភាពប៉ិនប្រសព្វផ្សេងៗ រួមមានទាំងការចាកចេញពីយាន ខេបស៊ុល (Capsule) ដោយខ្លួនឯង, ការរស់រាននៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ, និងការជួយសង្រ្គោះជាដើម។
គួរបញ្ជាក់ថា ប្រទេសចិនបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ជាមួយប្រទេសដូចជា រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង្គការដទៃៗទៀត ដូចជាទីភ្នាក់ងារអវកាសអឺរ៉ុប ESA រួមទាំងការិយាល័យ UN សម្រាប់កិច្ចការអវកាសជាដើម។ សម្រាប់ទីភ្នាក់ងារអវកាសចិន គឺបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការទៅស្រាវជ្រាវនៅទីអវកាស និងចុះត្រឡប់មកផែនដីវិញដោយសុវត្ថិភាព៕