(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងជួបសមភាគី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅខែកញ្ញា​ខាងមុខនេះ ក្នុងឱកាសបំពេញ​ដំណើរទស្សនកិច្ចចូលរួម​កិច្ចប្រជុំ នៃវេទិកាសេដ្ឋកិច្ច Eastern Economic Forum (EEF) ក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok) ប្រទេសរុស្ស៊ី ជាពិសេសកូរ៉េខាងត្បូង​នឹងមានឱកាសពិភាក្សាជាមួយរុស្ស៊ីរឿងកូរ៉េខាងជើង ខណៈដែលទីក្រុងម៉ូស្គូ និងព្យុងយ៉ាង​​ត្រូវបានអន្តរជាតិមើលឃើញថា ដូចជាជិតស្និទ្ធ​នឹងគ្នាជាងមុន ក្រោយចិនបានដាក់​ទណ្ឌកម្មកាន់តែច្រើន លើកូរ៉េខាងជើងនោះ។ នេះបើតាម​សេចក្តីថ្លែងការណ៍​ ពី​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២២ ខែសីហា​ ឆ្នាំ២០១៧។

វិមានប្រធានាធិបតី​កូរ៉េខាងត្បូង បានបញ្ជាក់នៅ​ក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួនយ៉ាងដូច្នេះថា «លោក​ប្រធានាធិបតី មូន មានគំរោង​ជួបពិភាក្សាការងារ​ជាមួយប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងជំនួប​កំពូលរុស្ស៊ី-​កូរ៉េខាងត្បូង នៅអំឡុងដំណើរ​ទស្សនកិច្ចរបស់​លោក»។ វេទិកា​សេដ្ឋកិច្ចប្រចាំឆ្នាំ EEF ត្រូវបានបង្កើតឡើងកាលពី​ឆ្នាំ២០១៥ ក្នុងគោលបំណង​ពង្រឹងកិច្ចសហ​ប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងនយោបាយ​រវាងទីក្រុងម៉ូស្គូ និងបណ្ដាប្រទេស​មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដោយឡែក EEF នៅក្នុងឆ្នាំ២០១៧នេះ នឹងត្រូវប្រព្រឹត្ត​ទៅពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកញ្ញា នៅឯទីក្រុង Vladivostok ហើយបើ​តាមក្រុមមន្រ្តី​កូរ៉េខាងត្បូង ជំនួបរបស់មេដឹកនាំទាំងពីរ​ត្រូវ​បានគេរំពឹងថា នឹងក្លាយជាឱកាស​មួយសម្រាប់ លោក មូន ពិភាក្សាពី​កិច្ចការតំបន់​ជាមួយ លោក ពូទីន ជាពិសេសគឺការ​ស្វែងរកការគំាទ្រ​ពីរុស្ស៊ី សំដៅដោះស្រាយ​បញ្ហាកម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីលផ្លោង​កូរ៉េខាងជើង៕