(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តច្របាច់បញ្ចូលរាល់អំណាចរបស់សហរដ្ឋអាមេរិកទាំងអស់ ក្នុងនោះរួមមាន ការទូត សេដ្ឋកិច្ច និងយោធា ហើយដែលនេះទំនងជាអាចមានទំាងការបង្កើតសន្តិភាព ជាមួយពួកតាលីបង់ ឬក៏បញ្ចូលពួកគេជាផ្នែកមួយនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសុន្ទរកថារបស់ខ្លួនស្ដីពីអនាគត នៃយុទ្ធសាស្ត្រអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ថ្ងៃមួយ ក្រោយកិច្ចខិតខំប្រឹងប្រែងផ្នែកយោធា ប្រកបដោយប្រសិទ្ធភាព វាប្រហែលជាអាចនឹងមានការផ្សះផ្សានយោបាយ រវាងតាលីបង់ និងអាហ្វហ្គានីស្ថាន ក៏ប៉ុន្តែគ្មាននរណាមា្នក់ដឹងថា វានឹងកើតឡើងនៅពេលណានោះទេ... សហរដ្ឋអាមេរិកនឹងនៅតែបន្តគាំទ្ររដ្ឋាភិបាល និងយោធាអាហ្វហ្គានីស្ថាន បើពួកគេប្រឈមមុខនឹងពួកតាលីបង់»។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បាននិយាយដែរថា លោកចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា ដើម្បីកម្ទេចភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាពិសេសគឺនៅអាស៊ីតែម្ដង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចូលរួមសង្រ្គាមប្រឆាំងពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០០១ ដោយចោទថា ក្រុមឧទ្ទាមមួយនេះមានជាប់ពាក់ព័ន្ធនឹងការរៀបចំគំរោង វាយប្រហារមហាភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សជិត ៣,០០០នាក់។ សហរដ្ឋអាមេរិក បានវាយតម្លៃថា ពួកគេសម្លាប់ពួកតាលីបង់ ២៥,០០០នាក់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕