(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនជាច្រើននៅក្នុងសហរដ្ឋអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថា បានខាតបង់សង្វាក់ផលិតកម្មគិតជាទឹកប្រាក់មិនក្រោម ៦៩៤លានដុល្លារ នោះឡើយ ដោយសារតែពលករ និងបុគ្គលិករបស់ពួកគេភាគច្រើន នាំគ្នាទុកការងារចោលមួយឡែក រួចចេញមកខាងក្រៅមើលសូរ្យគ្រាសជាលើកដំបូង ដែលមិនធ្លាប់មានក្នុងរយៈពេលជិត ៤០ឆ្នាំ កាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
យោងតាមអនុប្រធានក្រុមហ៊ុន Challenger, Gray & Christmas លោក អេនឌី ឆាលែងហ្គឺ (Andy Challenger) បុគ្គលិកក្នុងចំនួនដ៏ច្រើន បានចំណាយពេលជាង ២០នាទី ចំពេលពួកគេកំពុងធ្វើការដើម្បី មើលសូរ្យគា្រសដ៏អស្ចារ្យនៃសហរដ្ឋអាមេរិក «Great American Eclipse» ដែលអាចឱ្យគេមើលឃើញពេញលេញនៅក្នុងរដ្ឋចំនួន ១៤ របស់សហរដ្ឋអាមេរិក។ លោក Andy Challenger បានឱ្យដឹងទៀតថា «មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ មិនបានចេញទៅមើលសូរ្យគ្រាស ខណៈមានកម្មករជាង ៨៧លាននាក់ កំពុងធ្វើការនៅអំឡុងពេលកើតមានសូរ្យគ្រាស។
គួរបញ្ជាក់ថា នេះជាលើកដំបូងក្នុងរយៈពេលជិត ៤០ឆ្នាំ ដែលបាតុភូតសូរ្យគ្រាសទាំងស្រុងបានកើតមានឡើង នៅលើទឹកដីសហរដ្ឋអាមេរិក។ ចាប់តាំងពីរដ្ឋ អូរ៉េហ្គន (Oregon) ភាគខាងលិចប្រទេស ឆ្ពោះទៅកាន់រដ្ឋ សោត ខារ៉ូលីណា (South Carolina) ភាគខាងកើត រួមទាំងរដ្ឋចំនួន ១២ ផ្សេងទៀតនៅចន្លោះនោះ ព្រះច័ន្ទបានធ្វើដំណើរគោចរទៅបាំងពន្លឺទាំងស្រុងរបស់ព្រះអាទិត្យ ខណៈព្រឹត្តិការណ៍តារាសាស្រ្តដ៏អស្ចារ្យ បានធ្វើឲ្យមនុស្សជាច្រើនមានភាពរភើបជាខ្លាំង ខណៈមួយចំនួនទៀត មិនរីករាយចំពោះបាតុភូតនេះឡើយ៕