(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានងាកទៅព្រមានអូស្រ្តាលីថា កំពុងតែធ្វើអត្តឃាតខ្លួនឯងហើយ តាមរយៈការគាំទ្រសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
ស្របពេលដែលសមយុទ្ធយោធារយៈពេល ១០ថ្ងៃ Ulchi Freedom Guardian រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមប្រព្រឹត្តទៅ កងទ័ពអូស្រ្តាលីក៏ត្រូវបានបញ្ជូនឲ្យទៅចូលរួមក្នុងសកម្មភាពយោធា ដែលទីក្រុងព្យុងយ៉ាងបានចាត់ទុកថា ជាការហាត់សមដើម្បីធ្វើការឈ្លានពាននេះផងដែរ។ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ទង្វើនេះគឺជាការយកខ្សែរឹតកសម្លាប់ខ្លួនឯង... ជាការនាំយកគ្រោះមហន្តរាយទៅដាក់លើខ្លួន ហើយគ្មានចំណេញអ្វីដល់អូស្រ្តាលីនោះឡើយ ក្រៅពីការបង់ជីវិតមនុស្ស និងខាតបង់បរិក្ខាយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការគំរាមនេះត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអូស្រ្តាលីបានបញ្ជាក់អះអាងកាលពីសប្តាហ៍មុនថា នឹងបញ្ជូនទ័ពជួយសហរដ្ឋអាមេរិកភ្លាមៗ បើសង្រ្គាមជាមួយកូរ៉េខាងជើងផ្ទុះឡើង៕