(អាមេរិក)៖ សូរ្យគ្រាសនៅសហរដ្ឋអាមេរិក គឺជារឿងប្រវត្តិសាស្ត្រថ្មីមួយ នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧ ដែលប្រជាជនទូទាំងប្រទេសជាង ៣២៣លាននាក់ អាចមើលឃើញ​ជាពិសេសសម្រាប់​បណ្តារដ្ឋភាគកណ្តាល​​ ដែល​សន្ធឹងពីចុងខាងកើត​នៅភាគខាងលិច គឺអាចនឹងមើលឃើញ​បាតុភូតនេះ ពេញលេញ​ជាងទីណាៗ​ទាំងអស់។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។

ជាលើកដំបូង​ក្នុងរយៈពេលជិត ៤០ឆ្នាំ បាតុភូតសូរ្យគ្រាស​ទាំងស្រុង បានកើតមានឡើង​នៅលើទឹកដី​សហរដ្ឋអាមេរិក។ ចាប់តាំងពីរដ្ឋ អូរ៉េហ្គន (Oregon) ភាគខាងលិចប្រទេស ឆ្ពោះទៅកាន់រដ្ឋ សោត ខារ៉ូលីណា (South Carolina) ភាគខាងកើត រួមទាំងរដ្ឋចំនួន ១២ ផ្សេងទៀត​នៅចន្លោះនោះ ព្រះច័ន្ទ​បានធ្វើ​ដំណើរគោចរ ទៅបាំង​​ពន្លឺ​ទាំង​ស្រុង​របស់ព្រះអាទិត្យ ខណៈព្រឹត្តិការណ៍​តារាសាស្រ្ត​ដ៏អស្ចារ្យ​បានធ្វើឲ្យ​មនុស្សជាច្រើន​មានភាពរភើបជាខ្លាំង ខណៈមួយ​ចំនួនទៀត​មិនរីករាយចំពោះបាតុ​ភូត​​នេះឡើយ។

ភ្ញៀវទេសចរ​យ៉ាងច្រើនកុះក​របានប្រមូលផ្តុំគ្នា ទៅកាន់កន្លែង​ដូចជាទីក្រុង សាឡេម (Salem) រដ្ឋ Oregon (ជាទីសូរ្យគ្រាស​ចាប់ផ្តើម) និងទីក្រុង ឆាឡេស្តុន (Charleston) រដ្ឋ South Carolina (ជាទីសូរ្យគ្រាស​ចាកចេញ​ទៅកាន់ មហាសាគរ​អាត្លង់ទិក) ដើម្បីធ្វើការ​ទស្សនាបាតុភូត​តារាសាស្រ្តនេះ។ ជុំវិញការទន្ទឹងរង់ចាំ​មើលសូរ្យគ្រាស​នេះ មាន​​សេចក្តីរាយការណ៍​ព័ត៌មានជាច្រើន​ស្តីពីវ៉ែនតា​សម្រាប់មើល​សូរ្យគ្រាស ដែលគ្មាន​គុណភាព ខណៈក្រុមហ៊ុន​អាមេរិក​មួយចំនួនបានប្រកាសថា ខ្លួនខាតបង់ ៧០០លាន​ដុល្លារ ដោយសារតែ​បុគ្គលិក​នាំគ្នាទៅមើល​សូរ្យគ្រាស៕