(សេអ៊ូល)៖ បន្ទាប់ពីហាមម្តងហើយមិនស្តាប់ យោធាកូរ៉េខាងជើងនាថ្ងៃអង្គារនេះបានចេញមុខព្រមានសាជាថ្មីម្តងទៀតថា ខ្លួនត្រៀមរួចជាស្រេចក្នុងការចាត់វិធានការតបតដោយឥតមេត្តា ប្រឆាំងទៅលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជុំវិញការធ្វើសមយុទ្ធយោធា ដែលបាននិងកំពុងតែប្រព្រឹត្តទៅរបស់សម្ព័ន្ធមិត្តទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង KCNA យោធាកូរ៉េខាងជើង ដែលឈរជើងនៅតំបន់ ផាន់ម៉ុនចុម (Panmunjom) បានលើកឡើងថា សហរដ្ឋអាមេរិកបានព្រងើយកន្តើយចំពោះការព្រមានរបស់ខ្លួន ក្នុងការជ្រើសរើសដើរផ្លូវត្រឹមត្រូវហើយបានគំរាមថា ទីក្រុងវ៉ាស៊ីនតោននឹងទទួលរងការដាក់ទោសទណ្ឌដោយគ្មានមេត្តាជាក់ជាពុំខាន។ អ្នកនាំពាក្យយោធាកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ទៀតថា «អាមេរិកគួរតែទទួលខុសត្រូវទាំងស្រុង សម្រាប់វិនាសកម្ម ដែលនឹងបង្កឡើងដោយសារតែល្បែងសង្រ្គាមដ៏ធ្វេសប្រហែសរបស់ខ្លួន ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បានសម្រេចជ្រើសរើសយកការប្រឈមមុខផ្នែកយោធាជាមួយយើង»។
គួរបញ្ជាក់ថា យោធាអាមេរិក-កូរ៉េខាងត្បូង បានចាប់ផ្តើមការធ្វើសមយុទ្ធរួមរយៈពេល ១០ថ្ងៃ របស់ពួកគេ កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលមានការចូលពីកងទ័ពអាមេរិកប្រមាណ ១៧,៥០០នាក់ និងកងទ័ពកូរ៉េខាងត្បូងប្រហែល ៥០,០០០នាក់។ ដោយឡែកសម្រាប់កូរ៉េខាងជើងវិញ សកម្មភាពយោធានេះ គឺជាការហាត់សមមួយ ដើម្បីឈ្លានពានទៅលើប្រទេសខ្លួន ខណៈទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានអះអាងជាដដែលៗថា វាគឺជាការបង្កើនសមត្ថភាពការពារខ្លួនប៉ុណ្ណោះ៕