(រ៉ូម)៖ គ្រោះរញ្ជួយដីកម្រិតស្រាល ៣.៦រ៉ិចទ័រ បានវាយប្រហារមកលើភាគខាងត្បូងនៃកោះ អ៊ីសស្យា (Ischia) ប្រទេសអ៊ីតាលី ដោយបានផ្ដាច់យកអាយុជីវិតមនុស្សម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមវិទ្យាស្ថានរញ្ជួយដី និងភ្នំភ្លើងអ៊ីតាលី គ្រោះរញ្ចួយដីនេះបានកើតឡើងនៅម៉ោងប្រមាណ ៨៖៥៧នាទីយប់ (ម៉ោងនៅក្នុងតំបន់) ហើយវាក៏បានបំផ្លាញអគារជាច្រើនខ្នងផងដែរ ខណៈស្ត្រីម្នាក់បានស្លាប់ដោយសារជញ្ជំាងអគារដួលសង្កត់លើ រីឯមនុស្ស ០៧នាក់ត្រូវគេជឿជាក់ថា បានជាប់នៅក្រោមគំនរអគារបាក់បែក និងមនុស្ស ២៥នាក់ផ្សេងទៀត បានរងរបួស។ ដោយឡែក ក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើប្រតិបត្តិការរបស់ពួកគេ ដើម្បីជួយសង្រ្គោះ និងផ្ដល់ជំនួយបន្ទាន់ដល់ជនរងគ្រោះ៕