(ស៊ីរី)៖ ជនស៊ីវិលយ៉ាងហោចណាស់៤០នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀត រងរបួសនៅក្នុងការវាយប្រហារ អាកាសរបស់ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំង នឹងពួក ISIS នៅក្នុងតំបន់ទីប្រជុំជនមួយកន្លែងនៃទីក្រុងរ៉ាក់កា ប្រទេសស៊ីរី កាលពីថ្ងៃម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស លោក រ៉ាមី អាប់ឌែល រ៉ស់ម៉ាន (Rami Abdel Rahmane) បានបញ្ជាក់ប្រាប់ទីភ្នាក់ងារ សារព័ត៌មានបារាំង AFP ថាក្នុងចំណោមជនរងគ្រោះស៊ីវិលខាងលើមានកុមារ០៧នាក់ បានបាត់បង់ជិវិត ដោយសារការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ក្រុមចំរុះអាមេរិក លើតំបន់ទីប្រជុំជនអាល់ បាឌូ (al-Badou) ស្ថិតនៅភាគខាងជើងទីក្រុងរ៉ាក់កា ចំពេលដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងពួក ISIS កំពុងវាយប្រយុទ្ធគ្នានៅតាមតំបន់ជាយទីក្រុងរ៉ាក់កា។
គួររំលឹកថា កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមប្រឆាំងស៊ីរីបានប្រកាសថាពួកគេបានឈានដល់បទឈប់បាញ់ជាមួយរុស្ស៊ី ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងប្រឆាំងស៊ីរី និងកងកម្លាំង រដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់សាដ នៅភាគខាងលិចតំបន់ភ្នំកឡាមូន (Qalamoun)។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏រាប់បញ្ចូលទាំងការដឹកជញ្ជូនថ្នាំពេទ្យ និងជំនួយមនុស្សធម៌ ទៅកាន់តំបន់រដ្ឋបាលគ្រប់គ្រងដោយក្រុមប្រឆាំងស៊ីរីផងដែរ ខណៈសហរដ្ឋអាមេរិក កំពុងធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងរ៉ាក់កា ដែលជាមូលដ្ឋានមួយរបស់ពួក ISIS នៅក្នុងប្រទេសស៊ីរី៕