(អេស្បាញ)៖ មនុស្សស្លាប់នៅក្នុងហេតុការណ៍វាយប្រហារភេរវកម្ម នៅទីក្រុង​បាសេឡូណា (Barcelona) ប្រទេស​​អេស៉្បាញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានកើនឡើងដល់ចំនួន១៥នាក់ហើយ នេះបើយោងតាមការចេញផ្សាយរបស់ The Washington Post នៅល្ងាចថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា កាលពីយប់​ថ្ងៃព្រហស្បតិ៍​ ទី១៧ នាសប្តាហ៍មុន មានបុរសម្នាក់​បាន​បើករថយន្ត​ដឹក​ទំនិញ​មួយគ្រឿង បំបុកចូលហ្វូង​មនុស្សនៅ​លើ​ដង​​ផ្លូវមួយ​​ដែល​សម្បូរ​​ទៅ​​ដោយ​ភ្ញៀវ​ទេសចរ​​មួយកន្លែង ក្នុងទីក្រុង Barcelona ដែលជាលទ្ធផល​បានបណ្តាល​ឲ្យមនុស្ស​ចំនួន ១៣នាក់ស្លាប់ និងជាង ១០០នាក់ រងរបួស។ ដោយ​ឡែកនៅ​ប៉ុន្មានម៉ោង​ក្រោយឈាន​ចូល​ថ្ងៃសុក្រ មានករណីបើក​រថយន្តបំបុក​មនុស្សមួយផ្សេងទៀត ដែលមាន​ជាប់ពាក់ព័ន្ធគ្នា កើតឡើង​ក្នុងទីក្រុង Cambrils ហើយបានបង្ក​ឲ្យមនុស្ស​ចំនួន០៧នាក់របួស ខណៈជន​ដៃដល់ទាំង ០៥នាក់ ត្រូវបានប៉ូលិស​បាញ់​សម្លាប់៕