(ម៉ូស្គូ)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ូស្គូ កំពុងចាត់វិធានការផ្អាករាល់ដំណើរការ នៃការចេញទិដ្ឋាការ (Visa) សម្រាប់បុគ្គលមិនមែនជនភៀសខ្លួន នៅទូទាំងប្រទេសរុស្ស៊ីទាំងមូល ដោយគិតចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ ពីព្រោះតែការទាមទារពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឲ្យទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយបុគ្គលិកស្ថានទូតរបស់ខ្លួននៅរុស្ស៊ីចំនួន ៧៥៥នាក់ ត្រឹមថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
ស្ថានទូតអាមេរិកនៅរុស្ស៊ី បានប្រកាសឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ដោយសារតែការដាក់កំហិតពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ មកលើចំនួនបុគ្គលិកការទូតរបស់សហរដ្ឋអាមេរិកនៅរុស្ស៊ី រាល់ប្រតិបត្តិការចេញទិដ្ឋការជូន អ្នកពុំមែនជនអន្តោប្រវេសន៍ទាំងអស់ នៅទូទាំងប្រទេសរុស្ស៊ី នឹងត្រូវផ្អាកចាប់ពីថ្ងៃទី២៣ ខែសីហានេះតទៅ»។ ស្ថានទូតអាមេរិកបានបញ្ជាក់ថា ប្រតិបត្តិការនេះ នឹងបន្តចាប់ផ្តើមឡើងវិញក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃទី០១ ខែកញ្ញា ខណៈប្រតិបត្តិការ Visa នៅតាមបណ្តាស្ថានកុងស៊ុលអាមេរិក ក្នុងទីក្រុងដទៃៗទៀតនៃប្រទេសរុស្ស៊ី នឹងនៅតែបន្តផ្អាកដំណើរការដដែល ដោយពុំមានពេលវេលាកំណត់នោះឡើយ។
ស្ថានទូតខាងលើបានបន្តថា ការរៀបចំសម្រាប់ការចាកចេញ និងកាត់បន្ថយបុគ្គលិកស្ថានទូត បានចាប់ផ្តើមប្រព្រឹត្តទៅហើយ ដើម្បីឆ្លើយតបតាមសំណើទាមទាររបស់រដ្ឋាភិបាលរុស្ស៊ី ដែលបានដាក់ថ្ងៃកំណត់ទី០១ ខែកញ្ញា សម្រាប់ការកាត់បន្ថយចំនួនបុគ្គលិកនេះ។ ម៉្យាងវិញទៀត ស្ថានទូតក៏កំពុងផ្អាកការទទួលយកសំណុំបែបបទស្នើសុំទិដ្ឋាការ ពីប្រជាពលរដ្ឋបេឡារុសផងដែរ និងបានស្នើពួកគេឲ្យងាកទៅរកស្ថានទូតអាមេរិក នៅក្នុងប្រទេស ប៉ូឡូញ, អ៊ុយក្រែន, និងលីទុយអានីវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ ក្រសួងការបរទេសរុស្ស៊ី បានផ្អាករាល់ការប្រើប្រាស់អគារ និងឃ្លាំងស្តុកទំនិញទាំងអស់ របស់ស្ថានទូតអាមេរិក នៅក្នុងទីក្រុងម៉ូស្គូ និងបានទាមទារទីក្រុងវ៉ាស៊ីនតោន កាត់បន្ថយចំនួនបុគ្គលិកស្ថានទូតរបស់ខ្លួន ឲ្យនៅត្រឹម ៤៥៥នាក់ មុនថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។ វិធានការរបស់រដ្ឋាភិបាលរុស្ស៊ី ត្រូវបានធ្វើឡើង បន្ទាប់ពីមានការដាក់ទណ្ឌកម្មថ្មីបន្ថែមពីសហរដ្ឋអាមេរិក ហើយវាស្រដៀងគ្នាទៅនឹងការសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោនក្រោមរដ្ឋបាលដឹកនាំអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ក្នុងការបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ៣៥នាក់ ចេញពីសហរដ្ឋអាមេរិក ហើយផ្អាករាល់ការប្រើប្រាស់អចលនទ្រព្យទាំងអស់របស់ស្ថានទូតរុស្ស៊ីនៅអាមេរិក កាលពីចុងឆ្នាំ២០១៦។ ជុំវិញរឿងនេះ លោក ពូទីន បានលើកឡើងកាលពីថ្ងៃទី៣០ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងត្រូវកាត់បន្ថយបុគ្គលិកទូតរបស់ខ្លួននៅរុស្ស៊ីចំនួន ៧៥៥នាក់ ៕