(ប៉ារីស)៖ រថយន្តមួយគ្រឿង បានបោល​សំរុកចូលទៅក្នុងចំណត​រថយន្តក្រុង នៃទីក្រុង​ម៉ាសែល (Marseille) នៃប្រទេស​បារាំង ដោយក្នុងហេតុការណ៍​ដែលមិនទាន់​មានការបញ្ជាក់ថា គ្រាន់តែគ្រោះ​ថ្នាក់ចរាចរណ៍ ឬក៏ភេរវកម្ម​នេះ បានសម្លាប់មនុស្សម្នាក់ ខណៈចំនួនអ្នក​រងរបួសមិនទាន់​មានការបញ្ជាក់។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AFP នាល្ងាចថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។

ភ្លាមក្រោយពី​កើតហេតុ ប៉ូលិសបានរាំងបានទៅ​ដល់កន្លែងចំណត​រថយន្តក្រុង ហើយអ្នកបើកបរ​ក៏ត្រូវបានចាប់ខ្លួន​នៅហ្នឹងកន្លែង​ផងដែរ ដើម្បីបញ្ជូនទៅធ្វើ​ការសួរចម្លើយ។ ប៉ូលិសសង្កាត់ ប៊ួជេស ឌូ រ៉ុន (Bouches du Rhone) និងប៉ូលិសជាតិ​បារាំង បានធ្វើការចេញ​ផ្សាយតាមទូរទស្សន៍ក្នុងតំបន់ ដោយអំពាវនាវ​កុំឲ្យប្រជាជន​ធ្វើដំណើរ​ទៅកាន់​តំបន់​ខាងលើនេះ ខណៈដែលមិន​ទាន់មាន​ការបញ្ជាក់ច្បាស់​លាស់​នៅឡើយ អំពីអ្នកនៅពី​ក្រោយ​ហេតុការណ៍ ដែលអាចជា​គ្រោះថ្នាក់​ចរាចរណ៍ ឬអំពើភេរវកម្មក៏ថាបាននេះ។

គួរបញ្ជាក់ថា អ្នកបើកបររថយន្តបង្កហេតុ គឺបានប្រគល់ខ្លួនដោយសំរួល​ទៅកាន់​កងកម្លាំងប៉ូលិសបារាំង ខណៈឈ្មោះរបស់គេ​មិនស្ថិតនៅក្នុង​បញ្ជីខ្មៅ របស់ប៉ូលិស​ស៊ើបអង្កេត​សម្ងាត់នោះឡើយ៕