(សិង្ហបុរី)៖ នាវាពិឃាតអាមេរិក USS John S. McCain បានទៅដល់តំបន់ដែនទឹកនៃមូលដ្ឋានទ័ពជើងទឹក ឆាងគី (Changi) របស់សិង្ហបុរីហើយ នៅរសៀលថ្ងៃចន្ទនេះ បន្ទាប់ពីបានបុកគ្នាជាមួយនាវាដឹកប្រេងមួយគ្រឿង (ដំបូងឡើយចេញផ្សាយថា នាវាដឹកកុងតឺន័រ) នៅឯច្រកសមុទ្រម៉ាឡាក់កា (Malacca) ដោយបានបណ្តាលឲ្យនាវិក ០៥នាក់ រងរបួស និង ១០នាក់ផ្សេងទៀតបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
នាវាពិឃាតបំពាក់មីស៊ីលប្រដេញរបស់អាមេរិកខាងលើនេះ បានបុកនាវាដឹកប្រេងដែលមានឈ្មោះថា Alnic MC ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតនៃប្រទេសសិង្ហបុរី។ របាយការណ៍ពីកងនាវាចម្បាំងទី ៧ របស់សហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមទៀតថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦៖២៤នាទីព្រឹកថ្ងៃចន្ទនេះតែម្តង ម៉ោងនៅប្រទេសសិង្ហបុរី ដោយនាវាពិឃាតអាមេរិក USS John McCain បានរងការខូចខាតនៅផ្នែកខាងឆ្វេងយ៉ាងដំណំ។
តាមសារព័ត៌មានសិង្ហបុរី នាវិកចំនួន ០៤នាក់ ដែលបានទទួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសិង្ហបុរីតាមឧទ្ធម្ភាគចក្រ ខណៈអ្នករងរបួសម្នាក់ទៀត គឺស្ថិតក្នុងកម្រិតស្រាល មិនចាំបាច់ត្រូវទៅពេទ្យដើម្បីព្យាបាលនោះទេ។ បន្ថែមពីនេះអាជ្ញាធរដែនសមុទ្រសិង្ហបុរីបានអះអាងថា ពុំមានករណីលេចធ្លាយប្រេងនៅក្នុងសមុទ្រនោះឡើយទេ ហើយហេតុការណ៍នេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។
USS John McCain គឺជាប្រភេទនាវាចម្បាំងបំពាក់មីស៊ីល មកពីកងប្រតិបត្តិការជើងទឹកលេខ ៧ របស់សហរដ្ឋអាមេរិក មានប្រភពនៅមូលដ្ឋានទ័ពកោះ យូកូស៊ូកា (Yokosuka) របស់ប្រទេសជប៉ុន ដែលវាបានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅសិង្ហបុរី។ រឿងក្តីថ្មីនេះ ក៏នឹងត្រូវបន្តធ្វើការដោះស្រាយផងដែរ បន្ថែមពីលើរឿងក្តីបុកគ្នាលើកមុន រវាងនាវាពិឃាតអាមេរិកមួយគ្រឿងទៀត ជាមួយនាវាដឹកទំនិញខ្នាតធំរបស់ហ្វីលីពីន ដែលមិនទាន់បញ្ចប់នៅឡើយទេ។
ចំណែកឯម្ចាស់កម្មសិទ្ធិនៃនាវាដឹកប្រេងខាងលើនេះ គឺត្រូវបានគេបញ្ជាក់ថាជារបស់ប្រទេសលីបេរីយ៉ា ដែលអាចស្តុកទំងន់បាន ៣០,០០០តោន និងមានប្រវែង ១៨៣ម៉ែត្រ បានធ្វើដំណើរ ពីកំពង់ផែ ព្យឿងតេក (Pyeongtaek) នៃប្រទេសកូរ៉េខាងត្បូង ឆ្ពោះមកកាន់សិង្ហបុរី។ បច្ចុប្បន្ននេះឆ្មាំការពារដែនសមុទ្រ និងកងកម្លាំងជើងទឹករបស់អាមេរិក កំពុងតែចេញទូកស្វែងរក និងសង្គ្រោះអ្នកដែលកំពុងបាត់ដំណឹងទាំង១០នាក់ នោះហើយ។
គួរបញ្ជាក់ថា នេះជាហេតុការណ៍ទីពីរហើយក្នុងឆ្នាំ២០១៧ នេះ ដែលនាវាពិឃាតអាមេរិកជួបគ្រោះថ្នាក់ ដោយលើកទី ១ នោះគឺត្រូវបាននាវាដឹកកុងតឺន័រខ្នាតធំរបស់ហ្វីលីពីនបុក កាលពីពីរខែមុននៅក្នុងដែនទឹកប្រទេសជប៉ុន បានសម្លាប់នាវិកអាមេរិក ០៧នាក់ ខណៈរឿងក្តីនោះកំពុងត្រូវបានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន ដោយអាជ្ញាធរជប៉ុន រួមនឹងសហរដ្ឋអាមេរិក៕