ផ្ទុះករណីសម្លាប់រង្គាលយ៉ាងកម្រោល នៅភាគខាងត្បូងហ្វីលីពីន! «ប្រជាជនជិត ១០នាក់ស្លាប់ បន្ទាប់ពីត្រូវក្រុមប្រដាប់អាវុធ ៥០នាក់ ចូលបាញ់ប្រហារក្នុងភូមិ»
21-08-2017 15:27
(ម៉ានីល)៖ ប៉ូលិសហ្វីលីពីនបានឱ្យដឹងថា មនុស្ស ០៩នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃចន្ទនេះ នៅពេលដែលបុរសប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ ៥០នាក់ បានវាយឆ្មក់លើភូមិមួយ ស្ថិតនៅក្នុងខេត្ត បាស៊ីឡាន (Basilan) ភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
យោងតាមមេបញ្ជាការប៉ូលិសហ្វីលីពីនលើ កោះមីនដាណាវ (Mindanao) លោក រឿបិន ថេអូដ័រ ស៊ីដាច់ (Reuben Theodore Sindac) ជនប្រដាប់អាវុធទាំងនេះបានសំរុកចូលភូមិក្នុងតំបន់ ម៉ាលូសូ (Maluso) នៃខេត្ត Basilan នៅម៉ោងប្រមាណ ៥៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដោយពួកវាបានបើកការបាញ់ទាំងកម្រោលលើអ្នកភូមិ និងដុតផ្ទះរបស់ពួកគេចោលទៀតផង។
គួរបញ្ជាក់ថា ដោយសារតែវាជាតំបន់ដាច់ស្រយាល ប៉ូលិសហ្វីលីពីន មិនទាន់អាចកំណត់អត្តសញ្ញាណពួកជនប្រដាប់អាវុធនេះនៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយដែរ៕