(ម៉ូស្គូ)៖ កងយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី ដែលឈរជើងនៅលើទឹកដីស៊ីរី បានបើកប្រតិបត្តិការកម្ទេចក្បួនធ្វើដំណើររបស់ក្រុមសកម្មប្រយុទ្ធ ISIS ដែលសំដៅឆ្ពោះទៅកាន់ទីក្រុង ឌែរ អេស ហ្សួរ (Deir ez-Zor) ដើម្បីប្រមូលផ្តុំកម្លាំងគ្នា ខណៈពួកភេរវករនេះ ទើបតែបានធ្វើសកម្មភាពវាយប្រហារភេរវកម្មដោយកាំបិត នាពេលថ្មីៗនេះនៅក្នុងទីក្រុងស៊ឺហ្គូត (Surgut) ភាគកណ្តាលរុស្ស៊ី ដែលបានបណ្តាលឲ្យមនុស្ស ០៧នាក់របួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «កងទ័ពជើងអាកាសរុស្ស៊ីបានកម្ទេចក្បួនធ្វើដំណើរខ្នាតធំមួយទៀតហើយរបស់ក្រុមភេរវករ ISIS ដែលមានគោលដៅទៅកាន់ទីក្រុង Deir ez-Zor ជាទីដែលក្រុមភេរវករអន្តរជាតិនេះ កំពុងតែព្យាយាមប្រមូលផ្តុំកម្លាំងគ្នាឡើងវិញ ហើយកសាងមូលដ្ឋានស្នូលចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី»។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ប្រតិបត្តិការក្តៅនេះបានផ្តាច់ជីវិតអ្នកប្រយុទ្ធ ISIS លើសពី ២០០នាក់ និងកម្ទេចយានយន្តជាង ២០គ្រឿង រួមមានទាំងរថពាសដែក, រថក្រោះ, រថយន្តដឹកគ្រាប់ធុនធ្ងន់ជាដើម។
គួរបញ្ជាក់ថា នាថ្ងៃដដែលនេះក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS បានប្រកាសថា ខ្លួនជាអ្នកបង្កការវាយប្រហារដោយប្រើប្រាស់កាំបិត ដែលបណ្តាលឱ្យមនុស្ស ០៧នាក់រងរបួសក្នុងទីក្រុង Surgut ភាគណ្តាលប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈជនបង្កត្រូវបានកម្លាំងសន្តិសុខសម្លាប់ភ្លាមៗ ៕