(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះបានជំរុញឱ្យកូរ៉េខាងជើងកុំបង្ករឿង និងត្រឡប់មករកតុចរចាវិញ ខណៈកងទ័ពកូរ៉េខាងត្បូង និងអាមេរិកកំពុងដឹកនាំការធ្វើសមយុទ្ធ យោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលទីក្រុងព្យុងយ៉ាងតែងតែចាត់ទុកថា ជាការត្រៀមលក្ខណៈចូលឈ្លានពាន និងផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង សមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Guardian (UFG) ប្រព្រឹត្តទៅពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ដោយមានការចូលរួមពីកងទ័ពអាមេរិក ១៧,៥០០នាក់ និងកូរ៉េខាងត្បូង ៥០,០០០នាក់ ក៏ប៉ុន្តែចំនួនកងទ័ពអាមេរិកចូលរួមនៅក្នុងសមយុទ្ធយោធាលើកនេះ គឺមានចំនួនតិចជាងកាលពីឆ្នាំមុន ដែលមានរហូតដល់ ២៥,០០០នាក់ ចូលរួម។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ជែមស៍ ម៉ាត់ទីស (James Mattis) បានអះអាងថា ការកាត់បន្ថយចំនួនកងទ័ពអាមេរិក មិនមានជាប់ពាក់ ព័ន្ធនឹងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ឬក៏ការគំរាមកំហែងពីកូរ៉េខាងជើងនោះទេ។
ជាមួយគ្នានោះដែរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក បេក តែយុន (Baik Tae-hyun) បានលើកឡើងថា «UFG គឺជាសមយុទ្ធយោធាប្រចាំ និងពង្រឹងសមត្ថភាពការពារសម្ព័ន្ធមិត្តតែប៉ុណ្ណោះ... ដូច្នេះយើងស្នើឱ្យកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពបង្ករឿង ហើយត្រឡប់មករកតុចរចាវិញ តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា រាល់ការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានកូរ៉េខាងជើងចាត់ទុកថា គឺជាការត្រៀមលក្ខណៈចូលឈ្លានពានចង់ផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុន ហើយជារឿយៗទីក្រុងព្យុងយ៉ាង តែងតែគំរាមធ្វើសង្រ្គាម និងដឹកនាំការបាញ់សាកល្បងមីស៊ីល ជាការឆ្លើយតបនឹងសមយុទ្ធយោធារបស់សម្ព័ន្ធមិត្តទាំងពីរ។ ជាក់ស្ដែង កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងបានគំរាមជាថ្មីម្ដងទៀតថា បច្ចុប្បន្នខ្លួនមានសមត្ថភាពវាយប្រហារលើសហរដ្ឋអាមេរិកគ្រប់ពេលវេលាគ្រប់ទីកន្លែងមិនថា រដ្ឋហាវ៉ៃ ឬក៏កោះហ្គាំឡើយ ហើយថាទីក្រុងវ៉ាស៊ីនតោន កំពុងយល់ច្រឡំធំហើយដែលគិតថា ខ្លួននឹងមានសុវត្ថិភាពព្រោះនៅឆ្ងាយពីកូរ៉េខាងជើងនោះ៕