(គូឡាំឡាពួរ)៖ អាជ្ញាធរម៉ាឡេស៊ីនៅថ្ងៃចន្ទនេះបាននិយាយថា ខ្លួនពេញចិត្តនឹងចូលរួមនៅក្នុងប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះបន្ទាប់ពីនាវាពិឃាតអាមេរិក USS John S. McCain បានបុកគ្នាជាមួយនាវាដឹកទំនិញមួយគ្រឿង នៅឯច្រកសមុទ្រ ម៉ាឡាក់គា(Malacca) ដោយបានបណ្តាលឲ្យនាវិក ០៥នាក់ រងរបួស និង ១០នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
នាវាពិឃាត បំពាក់មីស៊ីលប្រដេញរបស់អាមេរិកខាងលើនេះ បានបុកនាវាដឹកកុងតឺន័រ ដែលមានឈ្មោះថា Alnic MC ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើត នៃប្រទេសសិង្ហបុរី។ របាយការណ៍កងនាវាចម្បាំងទី៧ របស់សហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៦៖២៤នាទីព្រឹកថ្ងៃចន្ទនេះតែម្តង ម៉ោងនៅប្រទេសសិង្ហបុរី ដោយនាវាពិឃាតអាមេរិក USS John McCain បានរងការខូចខាតនៅផ្នែកខាងឆ្វេងយ៉ាងដំណំ។
ចំណែកឯម្ចាស់កម្មសិទ្ធិនៃនាវាដឹកកុងតឺន័រខាងលើនេះ គឺត្រូវបានគេបញ្ជាក់ថា ជារបស់ប្រទេសលីបេរីយ៉ា ដែលអាចស្តុកទំងន់បាន ៣០,០០០តោន និងមានប្រវែង ១៨៣ម៉ែត្រ បានធ្វើដំណើរពីកំពង់ផែ ព្យឿងតេក (Pyeongtaek) នៃប្រទេស កូរ៉េខាងត្បូង ឆ្ពោះមកកាន់សិង្ហបុរី។ បច្ចុប្បន្ននេះឆ្មាំការពារដែនសមុទ្រ និងកងកម្លាំងជើងទឹករបស់អាមេរិក កំពុងតែចេញទូកស្វែងរក និងសង្គ្រោះអ្នកដែលកំពុងបាត់ដំណឹងទាំង១០នាក់ នោះហើយ។
បន្ថែមពីនេះជុំវិញឧប្បដិហេតុដែរ មេបញ្ជាការនៃកងនាវាម៉ាឡេស៊ី លោក អាម៉ាដ កាម៉ារូហ្សាម៉ាន់ អាម៉ាដ បាដារ៉ូដឌី (Ahmad Kamarulzaman Ahmad Badaruddin) បានបញ្ជាក់ថា «កងនាវា នៃកងកម្លាំងទ័ពអាកាស និងឆ្មាំសមុទ្រម៉ាឡេស៊ី បាននិងកំពុងដឹកនាំប្រតិបត្តិការតាមស្វែងរក និងជួយង្រ្គោះ បន្ទាប់ពីកើតហេតុការណ៍នាវាបុកគ្នាកាលពីព្រឹកថ្ងៃចន្ទនេះ។»
គួរបញ្ជាក់ថា នេះជាហេតុការណ៍ទីពីរហើយក្នុងឆ្នាំ២០១៧ នេះ ដែលនាវាពិឃាតអាមេរិកជួបគ្រោះថ្នាក់ ដោយលើកទី១ នោះគឺត្រូវបាននាវាដឹកកុងតឺន័រខ្នាតធំរបស់ហ្វីលីពីនបុក កាលពីពីរខែមុននៅក្នុងដែនទឹកប្រទេសជប៉ុនបានសម្លាប់នាវិកអាមេរិក ០៧នាក់ ខណៈរឿងក្តីនោះកំពុងត្រូវបានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន ដោយអាជ្ញាធរជប៉ុន រួមនឹងសហរដ្ឋអាមេរិក។
ងាកមកមើល USS John McCain វិញគឺជាប្រភេទនាវាចម្បាំងបំពាក់មីស៊ីល មកពីកងប្រតិបត្តិការជើងទឹកលេខ ៧ របស់សហរដ្ឋអាមេរិក មានប្រភពនៅមូលដ្ឋានទ័ពកោះ យូកូស៊ូកា (Yokosuka) របស់ប្រទេសជប៉ុន។ រឿងក្តីថ្មីនេះ ក៏នឹងត្រូវបន្តធ្វើការដោះស្រាយផងដែរ បន្ថែមពីលើរឿងក្តីបុកគ្នាលើកមុនជាមួយនាវាដឹកទំនិញខ្នាតធំរបស់ហ្វីលីពីន ដែលមិនទាន់បញ្ចប់នៅឡើយទេ៕