(វ៉ាស៊ីនតោន)៖ រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលបានទទួលរងការរិះគន់យ៉ាងចាស់ដៃ ចំពោះភាពយឺតយ៉ាវរបស់ខ្លួន ក្នុងការស្វែងរកមនុស្សសម្រាប់តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាលនោះ មិនទាន់បានបំពេញមុខតំណែង ដែលនៅទំនេរចោលប្រមាណ ៧៤ភាគរយ ក្នុងក្រសួងការពារជាតិអាមេរិកនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Defense News មកទល់ខែសីហានេះ ព្រឹទ្ធសភាអាមេរិកបានអនុម័តទទួលស្គាល់បេក្ខភាពចំនួន ៦៥រូប របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់តួនាទីនៅក្នុងក្រសួងការពារជាតិ។ ទោះជាបែបនេះក្តី មុខតំណែងសំខាន់ៗជាច្រើនទៀត ដូចជាអគ្គមេបញ្ជាការកងទ័ពជើងគោក រួមទាំងអនុរដ្ឋលេខាធិការទទួលបន្ទុកផ្សេងៗជាដើមនោះ នៅតែកំពុងរង់ចាំការសម្រេចទទួលស្គាល់ពីព្រឹទ្ធសភានៅឡើយទេ មុនពេលដែលពួកគេអាចចូលកាន់តួនាទីជាផ្លូវការ។
គួរបញ្ជាក់ថា យ៉ាងហោចណាស់មុខតំណែងដ៏សំខាន់មួយ នៅឯមន្ទីរបញ្ចកោណត្រូវបានបំពេញកាលពីខែកក្កដាកន្លងទៅ ដោយនាយកក្រុមហ៊ុនផលិតយន្តហោះ Boeing លោក ផាទ្រីក ស្សាណាហាន (Patrick Shanahan) ត្រូវបានអនុម័តទទួលស្គាល់ដោយព្រឹទ្ធសភា ធ្វើជាអនុរដ្ឋមន្រ្តីការពារជាតិ៕