(សេអ៊ូល)៖ បើទោះជាមានការគំរាមវាយប្រហារពីកូរ៉េខាងជើងក៏ដោយ នៅទីបំផុតកងទ័ពអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំហើយ នៅថ្ងៃចន្ទនេះ ខណៈក្រុមអ្នកជំនាញរំពឹងថា ទីក្រុងព្យុងយ៉ាង អាចនឹងដឹកនាំការបាញ់សាកល្បងមីស៊ីលផ្លោង ជាការឆ្លើយតបនឹងសមយុទ្ធយោធានេះ ដែលខ្លួនចាត់ទុកថា ជាការត្រៀមលក្ខណៈចូលឈ្លានពាន និងផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង សមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Guardian (UFG) ប្រព្រឹត្តទៅពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ដោយមានការចូលរួមពីកងទ័ពអាមេរិក ១៧,៥០០នាក់ និងកូរ៉េខាងត្បូង ៥០,០០០នាក់ ក៏ប៉ុន្តែចំនួនកងទ័ពអាមេរិកចូលរួមនៅក្នុងសមយុទ្ធយោធាលើកនេះ គឺមានចំនួនតិចជាងកាលពីឆ្នាំមុន ដែលមានរហូតដល់ ២៥,០០០នាក់ចូលរួម។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ជែមស៍ ម៉ាទីស (James Mattis) បានអះអាងថា ការកាត់បន្ថយចំនួនកងទ័ពអាមេរិក មិនមានជាប់ពាក់ ព័ន្ធនឹងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ឬក៏ការគំរាមកំហែងពីកូរ៉េខាងជើងនោះទេ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនស្ថានភាពនៅលើឧបទ្វីបកូរ៉េបានស្ងប់ស្ងាត់បន្តិចបន្ទាប់ពី លោក គីម ជុងអ៊ុន សម្រេចចិត្តផ្អាកការបាញ់មីស៊ីលឆ្ពោះទៅកាន់កោះហ្គាំ (Guam) តែស្ថានភាពតានតឹងនេះបានផ្ទុះឡើងជាថ្មី ក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ប្រកាសធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Ulchi Freedom Guardian។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងកាលពី ថ្ងៃអាទិត្យ ក៏បានគំរាមជាថ្មីដែរថា ខ្លួនមានសមត្ថភាពវាយប្រហារលើសហរដ្ឋអាមេរិកគ្រប់ពេលវេលា គ្រប់ទីកន្លែងមិនថា រដ្ឋហាវ៉ៃ ឬក៏កោះហ្គាំឡើយ ហើយថាទីក្រុងវ៉ាស៊ីនតោន កំពុងយល់ច្រឡំធំហើយដែលគិតថា ខ្លួននឹងមានសុវត្ថិភាពព្រោះនៅឆ្ងាយពីកូរ៉េខាងជើងនោះ៕