(តេហេរ៉ង់)៖ តុលាការអ៊ីរ៉ង់បានស្នើឱ្យរដ្ឋាភិបាលអាមេរិក បង់ប្រាក់ជំងឺចិត្តជាង ២៤៥លានដុល្លារ ដល់ជនរងគ្រោះរងការវាយប្រហារដោយអាវុធគីមី ដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យកងទ័ពអ៊ីរ៉ាក់របស់អតីតប្រធានាធិបតី សាដដាំ ហ៊ូស្សេន (Saddam Hussein) នៅអំឡុងសម័យសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់។ នេះបើតាមអ្នកនាំពាក្យតុលាការអ៊ីរ៉ង់ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ តាមអ្នកនាំពាក្យតុលាការអ៊ីរ៉ង់ លោក ហ្គូឡាមហូស្សេន ម៉ូសេនី អេចេយ (Gholamhussein Mohseni Ejei) បានគូសបញ្ជាក់ដូច្នេះថា «តុលាការអ៊ីរ៉ង់បានចេញសាលក្រម មួយដោយតម្រូវឱ្យអាជ្ញាធរអាមេរិក បង់ប្រាក់ជំងឺចិត្តជាង ២៤៥លានដុល្លារ ដល់ជនរងគ្រោះ ១៨នាក់ ដែលបានរងរបួស ឬក៏ស្លាប់នៅអំឡុងសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨)»។ យោងតាមទីក្រុងតេហេរ៉ង់ សហរដ្ឋអាមេរិកបានផ្ដល់អាវុធឱ្យកងទ័ពអ៊ីរ៉ាក់ នៅក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ ដែលត្រូវបានក្រុមអ្នកជំនាញអង្គការសហប្រជាជាតិរកឃើញថា មានស្លាកស្នាមអាវុធគីមីប្រើប្រាស់ដោយ កងទ័ពរបស់អតីតមេដឹកនាំអ៊ីរ៉ាក់ សាដដំា ហូស្សេន ប្រឆាំងនឹងទីក្រុង សាដាសត៍ (Sardasht) នៃខេត្ត គូហ្សេស្ថាន (Khuzestan)។
គួរបញ្ជាក់ថា សង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ បានផ្ដាច់យកអាយុជីវិតមនុស្សចន្លោះពី ៥០០,០០០នាក់ ដល់ ១,២លាននាក់ ព្រមទាំងធ្វើឱ្យខូចខាតសេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់ប្រមាណជា ៥០០ពាន់លានដុល្លារ ហើយសង្រ្គាមនេះគឺជាជម្លោះដណ្ដើមទឹកដី នៅតាមបណ្ដោយទន្លេ Chatt-el-Arab និងតំបន់ប្រេងក្នុងខេត្ត Khuzestan របស់អ៊ីរ៉ង់៕