(ឡាហាវ៉ាន)៖ ក្រុមមន្ត្រីទូតអាមេរិក និងកាណាដា ព្រមទាំងក្រុមគ្រួសាររបស់ពួកគេជាច្រើននាក់ ត្រូវគេជឿជាក់ថា បានរងការវាយប្រហារពីអាវុធដ៏អាថ៌កំបាំងម្យ៉ាង ដែលប្រើប្រាស់កម្លាំងសំឡេងនៅក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអាមេរិក CNN នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
ស្ថានីយ៍ទូរទស្សន៍ CNN ផ្អែកលើក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកពីរនាក់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្ដសញ្ញាណ បានឱ្យដឹងទៀតថា ក្រុមមន្ត្រីទូតអាមេរិក ១០នាក់ និងសមាជិកគ្រួសាររបស់ ពួកគេបានទទួលការព្យាបាល បន្ទាប់ពីទទួលការរំខានជាច្រើនខែ ដោយរាប់ចាប់តាំងពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៦មកម្លេះ។ បន្ថែមពីលើនេះមន្ត្រីទូតអាមេរិក ០២នាក់ ក្នុងចំណោមអ្នកទាំងនេះ ដែលទទួលបានការព្យាបាលនៅក្នុងសហរដ្ឋអាមេរិក បានរងរបួសរយៈពេលយូរ ក្នុងនោះរួមមានទាំងការបាត់បង់ការស្ដាប់លឺ (ថ្លង់) ក្រោយរងការវាយប្រហារដ៏អាថ៌កំបាំង ហើយ ពួកគេមិនអាចត្រឡប់ទៅកាន់ប្រទេសគុយបាវិញនោះទេ។
ដោយឡែក បើតាមមន្ត្រីអាមេរិកទំាងពីរនាក់នេះដដែល កាលពីខែមិថុនាកន្លងទៅ មន្ត្រីទូតកាណាដា ០៥នាក់ និងសមាជិកគ្រួសារ ក៏មានរោគសញ្ញាណនៃការវាយប្រហាររបៀបនេះដែរ។ តែទោះបីជាយ៉ាងណា មកទល់ពេលនេះទំាងខាងមន្ត្រីអាមេរិក និងគុយបា មិនទាន់អាចបញ្ជាក់ឱ្យបានច្បាស់ពីការវាយប្រហារនេះឡើយទេ ខណៈក្រុមអ្នកស៊ើបអង្កេតអាមេរិក កំពុងព្យាយាមកំណត់ថា តើការវាយប្រហារដោយសំឡេងមានជាប់ពាក់ព័ន្ធនឹងប្រទេសជាគូប្រជែងរបស់សហរដ្ឋអាមេរិក ដូចជា រុស្ស៊ី ចិន កូរ៉េខាងជើង អ៊ីរ៉ង់ និងវេណេស៊ុយអេឡា ឬក៏យ៉ាងណានោះទេ ៕