(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន (Moon jae-in) បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើកំណែទម្រង់វិស័យយោធា ព្រមទាំងដាក់បន្ថែមកម្លាំងការពារជាតិ ដើម្បីប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដែលការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងថ្ងៃប្រកាសតែងតាំងមន្ត្រីយោធាកំពូលថ្មីរបស់កូរ៉េខាងត្បូងនាថ្ងៃអាទិត្យនេះ ដកស្រង់ដោយសារព័ត៌មាន Yonhap News ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧នេះ។
«គោលដៅនៃការធ្វើកំណែទម្រង់វិស័យយោធា គឺដើម្បីឱ្យយោធាទទួលបានជោគជ័យក្នុងការធ្វើសង្គ្រាម បំផុសគំនិតពួកគេពោរពេញដោយភាពស្នេហាជាតិ និងសីលធម៌ដល់ក្នុងចំណោមយោធាគ្រាប់លំដាប់ថ្នាក់ និងទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ»។ នេះជាការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅទីស្នាក់ការក្រសួងការពារជាតិ នៅក្នុងទីក្រុងសេអ៊ូល។
លោក ជុង គ្យុង ឌូ (Jeong Kyeong-doo) អតីតនាយសេនាធិការទ័ពអាកាស ត្រូវបានតែងតាំងជាប្រធាននាយសេនាធិការរួម ដើម្បីជំនួសដំណែងលោក លី ស៊ុន ជីន (Lee Sun-jin) ដែលបានចូលនិវត្តន៍បន្ទាប់ពីបម្រើការងារអស់រយៈពេល ៤២ឆ្នាំ។ លោក Moon បានក្លាយជាថ្នាក់ដឹកនាំរដ្ឋដំបូងគេ ដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរមេបញ្ជាការយោធា ព្រមទាំងគូសបញ្ជាក់នូវការបង្កើនកម្លាំងយោធា ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង៕