(សិង្ហបុរី)៖ នាវាពិឃាតអាមេរិក USS John McCain បានបុកជាមួយនឹងនាវាដឹកទំនិញមួយគ្រឿង នៅព្រឹកថ្ងៃចន្ទ នេះក្នុងច្រកសមុទ្រ ម៉ាឡាក់កា (Malacca) ក្បែរប្រទេសសិង្ហបុរី ដែលបានបណ្តាលឲ្យនាវិក ០៥នាក់ រងរបួស និង ១០នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។
នាវាពិឃាតបំពាក់មីស៊ីលប្រដេញរបស់អាមេរិកខាងលើនេះ បានបុកនាវាដឹកកុងតឺន័រ ដែលមានឈ្មោះថា Alnic MC ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើត នៃប្រទេសសិង្ហបុរី។ របាយការណ៍កងនាវាចម្បាំងទី ៧ របស់សហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមទៀតថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦៖២៤នាទីព្រឹកថ្ងៃចន្ទនេះតែម្តង ម៉ោងនៅប្រទេសសិង្ហបុរី ដោយនាវាពិឃាតអាមេរិក USS John McCain បានរងការខូចខាតនៅផ្នែកខាងឆ្វេងយ៉ាងដំណំ។
ដោយឡែកម្ចាស់កម្មសិទ្ធិនៃនាវាដឹកកុងតឺន័រខាងលើនេះ គឺត្រូវបានគេបញ្ជាក់ថា ជារបស់ប្រទេសលីបេរីយ៉ា ដែលអាចស្តុកទំងន់បាន ៣០,០០០តោន និងមានប្រវែង ១៨៣ម៉ែត្រ បានធ្វើដំណើរពីកំពង់ផែ ព្យឿងតេក (Pyeongtaek) នៃប្រទេសកូរ៉េខាងត្បូង ឆ្ពោះមកកាន់សិង្ហបុរី។ បច្ចុប្បន្ននេះឆ្មាំការពារដែនសមុទ្រ និងកងកម្លាំងជើងទឹករបស់អាមេរិក កំពុងតែចេញទូកស្វែងរក និងសង្គ្រោះអ្នកដែលកំពុងបាត់ដំណឹងទាំង ១០នាក់នោះហើយ។
នេះជាហេតុការណ៍ទីពីរហើយក្នុងឆ្នាំ២០១៧ នេះ ដែលនាវាពិឃាតអាមេរិកជួបគ្រោះថ្នាក់ ដោយលើកទី១ នោះគឺត្រូវបាននាវាដឹកកុងតឺន័រខ្នាតធំរបស់ហ្វីលីពីនបុកកាលពីពីរខែមុន នៅក្នុងដែនទឹកប្រទេសជប៉ុន បានសម្លាប់នាវិកអាមេរិក ០៧នាក់ ខណៈរឿងក្តីនោះកំពុងត្រូវបានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន ដោយអាជ្ញាធរជប៉ុន រួមនឹងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា USS John McCain គឺជាប្រភេទនាវាចម្បាំងបំពាក់មីស៊ីល មកពីកងប្រតិបត្តិការជើងទឹកលេខ ៧ របស់សហរដ្ឋអាមេរិក មានប្រភពនៅមូលដ្ឋានទ័ពកោះ យូកូស៊ូកា (Yokosuka) របស់ប្រទេសជប៉ុន។ រឿងក្តីថ្មីនេះ ក៏នឹងត្រូវបន្តធ្វើការដោះស្រាយផងដែរ បន្ថែមពីលើរឿងក្តីបុកគ្នាលើកមុនជាមួយនាវាដឹកទំនិញខ្នាតធំរបស់ហ្វីលីពីន ដែលមិនទាន់បញ្ចប់នៅឡើយទេ៕