(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ូប៊ឺត ឡៃហ្ស៊ីស៊ឺ (Robert Lighthizer) សម្រេចចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការហើយ ទៅលើការរំលោភកម្មសិទ្ធិបញ្ញារបស់ចិនមកលើសហរដ្ឋអាមេរិក។
២៖ ទីប្រឹក្សាយុទ្ធសាស្ត្រនៅសេតវិមាន លោក ស្ទីវ បានណុន (Steve Bannon) ត្រូវបានបណ្តេញចេញពីតំណែង ដោយសារតែទទឹងទិសនឹងលោក ដូណាល់ ត្រាំ ខ្លាំងពេក។
៣៖ អាហ្វហ្គានីស្ថាន ប្រារព្ធពិធីគម្រប់ខួប៩៨ឆ្នាំនៃការទទួលបានឯករាជ្យជាតិ ពីអាណានិគមរបស់ចក្រភពអង់គ្លេស។
៤៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៤រ៉ិចទ័រ វាយប្រហារប្រទេសហ្វីជី ស្ថិតក្នុងមហាសាគរប៉ាស៊ីហ្វិក ប៉ុន្តែមិនបង្កគ្រោះថ្នាក់អ្វីឡើយ។
៥៖ ផ្ទុះករណីបាញ់ប្រហារគ្នានៅរដ្ឋផ្លូរីដា, សហរដ្ឋអាមេរិក បណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់ស្លាប់ និងម្នាក់របួស។
៦៖ មនុស្សម្នាជាច្រើនរួមគ្នាចូលរួមកាន់ទុក្ខដ៏គ្រៀមក្រំ ចំពោះជនរងគ្រោះរបួសនិងស្លាប់ខ្ទង់រយនាក់ ដោយសារភេរវកម្ម នៅក្នុងប្រទេសអេស្ប៉ាញ នាសប្តាហ៍នេះ។
៧៖ ផ្ទុះគ្រាប់មិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្រ្គាម ផ្តាច់ជីវិតមនុស្សពេញវ័យ០២នាក់ និងកុមារ០៤នាក់ នៅខេត្ត Khanh Hoa ភាគកណ្តាលប្រទេសវៀតណាម៕