(អាមេរិក)៖ មន្រ្តីប៉ូលិសម្នាក់បានបាត់បង់ជីវិត និងម្នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ នៅក្នុងការបាញ់ប្រហារគ្នាមួយ នៅទីក្រុង គីសស៊ីមមី (Kissimmee) នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។
មេបញ្ជាការប៉ូលិសក្រុង Kissimmee លោក ចេហ្វ អូឌែល (Jeff O'Dell) បានឲ្យដឹងថា កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅតំបន់កើតហេតុ) កម្លាំងប៉ូលិសត្រូវបានគេកោះហៅ ឲ្យទៅត្រួតពិនិត្យមើលសកម្មភាពគួរឲ្យសង្ស័យមួយ នៅឯតំបន់ផ្លូវ ផាមវ៉េយ៍ (Palmway) និង សាយប្រែស (Cypress) ហើយនៅពេលដែលក្រុមមន្រ្តីប៉ូលិសបានទៅដល់ ជនមិនស្គាល់មុខមួយក្រុម បានបើកការបាញ់ប្រហារទៅលើពួកគេតែម្តង ខណៈប៉ូលិសពុំអាចមានឱកាស ធ្វើការបាញ់តបតត្រឡប់ទៅវិញបាននោះឡើយ។
គួរបញ្ជាក់ថា បើតាមលោក O'Dell មនុស្សចំនួន ០៤នាក់ ត្រូវបានជាប់សង្ស័យក្នុងហេតុការណ៍នេះ ដោយមនុស្ស ០៣នាក់ ហើយកំពុងស្ថិតក្រោមការឃាត់ខ្លួន ខណៈជនទី៤ កំពុងរត់គេចខ្លួននៅឡើយ៕