(ស៊ីដនី)៖ រថយន្តមួយគ្រឿងបានបុករះហ្វូងមនុស្ស រួចជ្រុលចូលទៅក្នុងផ្សារមួយកន្លែង នៅតាមដងផ្លូវ វិចតូរៀ អាវិនូ (Victoria Avenue) នៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ខណៈប៉ូលិសអះអាងជាបឋមថា វាជាគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែក៏មានសាធារណៈមតិខ្លះលើកឡើងថា អាចជាអំពើភេរវកម្មផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik ដកស្រង់ពីកាសែត Morning Herald របស់អូស្ត្រាលី ចេញផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។
សម្រាប់មនុស្សរងរបួសទាំងអស់មានចំនួន ០៥នាក់ ក្នុងនោះស្ត្រីម្នាក់ទទួលរងរបួសធ្ងន់ធ្ងរខ្លាំង ខណៈ ០៤នាក់ផ្សេងទៀតរងរបួសគួរសម និងកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងទីក្រុងស៊ីដនី។ សម្រាប់ការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ កំពុងតែធ្វើឡើងដោយប៉ូលិសជំនាញអូស្ត្រាលី៕