(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងប្រើប្រាស់រិទ្ធិអំណាចការទូត និងសេដ្ឋកិច្ចដែលខ្លួនមានទាំងប៉ុន្មាន ដើម្បីចាត់ការប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បន្ទាប់សភាធម្មនុញ្ញ (ANC) ដែលទើបបង្កើតឡើងថ្មី បានដណ្តើមរឹបអូសយកអំណាចនីតិបញ្ញតិពីដៃសភាជាតិ ដែលគ្រប់គ្រងដោយបក្សប្រឆាំង។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធឺ នូអឺត (Heather Nauert) បានថ្លែងថា «សហរដ្ឋអាមេរិក ថ្កោលទោសយ៉ាងខ្លាំង ចំពោះការដណ្តើមកាន់កាប់អំណាចនីតិបញ្ញតិ ដោយសភាធម្មនុញ្ញមិនស្របច្បាប់របស់វេណេស៊ុយអេឡា។ ជាមួយគ្នានេះ ដរាបណារបបដឹកនាំ លោក Maduro នៅតែបន្តប្រព្រឹត្តខ្លួនដូចជារបបផ្តាច់ការទៀតនោះ យើងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីប្រើប្រាស់ឥទ្ធិពលយ៉ាងពេញទំហឹងនៃសេដ្ឋកិច្ចកិច្ច ក៏ដូចជាការទូតរបស់អាមេរិក ដើម្បីជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ដែលព្យាយាមស្តារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសពួកគេឡើងវិញ»។
គួរបញ្ជាក់ថា នៅមុននេះសភាធម្មនុញ្ញវេណេស៊ុយអេឡា បានចេញក្រឹត្យមួយលើកឡើងថា ខ្លួននឹងដើរតួនាទីជាអំណាចនីតិបញ្ញតិនៃសភាជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំង។ ដោយឡែកក្រៅពីអាមេរិក សភាប្រទេសអាហ្សង់ទីន, ប្រេស៊ីល, អេស៉្បាញ, កាណាដា, កូស្តារីកា, ម៉ិចស៊ីកូ, ប៉ាណាម៉ា, ប៉េរូ, ឈីលី ក៏បានចេញមុខចោទប្រកាន់សភាធម្មនុញ្ញថ្មីនេះថា បានរំលោភរដ្ឋធម្មនុញ្ញផងដែរ ក្រោយស្ថាប័ននេះបានផ្តល់អំណាចឲ្យខ្លួនឯង ដើម្បីអនុម័តច្បាប់៕