(កូឡាឡាំពួរ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជាធ្លាប់បរាជ័យធ្ងន់ធ្ងរក្រោមថ្វីជើងរបស់ U22 ថៃ ក្នុងវគ្គជម្រុះ AFC U23 Championships 2012 មុនប៉ះគ្នាជាថ្មីម៉ោង ១៩៖៤៥នាទីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះក្នុងព្រឹត្តិការណ៍កីឡា SEA Games នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
U22 កម្ពុជាបន្តធ្វើការធ្ងន់ត្បិតត្រូវជួបក្រុមការពារតំណែងមេដាយមាស SEA Games 2015 ដោយសារតែប្រព័ន្ធការ ពារមិនសូវរឹងមាំ និងតំបន់ប្រយុទ្ធមិនសូវមិនមុតស្រួច ហើយថៃជាក្រុមខ្លាំង និងស្វែងរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ឲ្យបានច្រើន ដើម្បីប្រជែងជាមួយ U22 ឥណ្ឌូនេស៊ីដែលកំពុងឈរនៅលេខ២ក្នុងពូល B បណ្តោះអាសន្នដោយមាន ៤ពិន្ទុស្មើគ្នា ខណៈ U22 វៀតណាមឈរកំពូលតារាងដោយមាន ៦ពិន្ទុ។
ដោយឡែក កម្ពុជាមានឱកាសតិចតួចណាស់ក្នុងប្រជែងយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រជែងយកមេដាយ ត្បិត១ពូល ត្រូវយកតែ២ក្រុមមានពិន្ទុខ្ពស់ជាងគេដោយពុំទាន់មានពិន្ទុរាប់នៅឡើយទេក្នុងចំណោម៦ក្រុមស្ថិតក្នុងពូល B រួមមាន កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត។
ឆ្លងកាត់២ប្រកួតរបស់ក្រុមគោព្រៃកម្ពុជា ដែលមានបុរសសញ្ជាតិប្រេស៊ីល Leonardo Vitorino ជាគ្រូបង្វឹកបង្គោល នោះធ្វើមិនបានល្អឡើយ ដោយថ្ងៃបើកឆាកចាញ់ U22 ហ្វីលីពីន ២-០ នៅថ្ងៃទី១៥ សីហា មុនមកចាញ់ U22 វៀតណាម ៤-១ ថែមទៀតថ្ងៃទី១៧ សីហា ឈរនៅលេខរៀងទី៥ លើទីម័រខាងកើតដែលចាញ់២ប្រកួតដូចគ្នាដោយ លទ្ធផល ៤-០ ក្រោមថ្វីជើងរបស់វៀតណាម និងចាញ់ថៃ ១-០៕
ក្រុម U22 កម្ពុជា
ក្រុម U22 ថៃ