(សេអ៊ូល)៖ ពលទាហានម្នាក់បានស្លាប់ និង០៦នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅអំឡុងនៃការធ្វើសមយុទ្ធបាញ់កាំភ្លើងធំមួយ កាលពីថ្ងៃសុក្រម្សិលមិញនេះ នៅក្បែរព្រំដែនអន្តរកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ហេតុការណ៍ផ្ទុះមិនដឹងមូលហេតុមួយ បានកើតឡើង ក្នុងអំឡុងពេលដែលការធ្វើសមយុទ្ធបាញ់កាំភ្លើង ដែលបានបណ្តាលឲ្យមនុស្សមួយចំនួនទទួលរងរបួស ខណៈពលទាហានវ័យ ២៧ឆ្នាំម្នាក់បានបាត់បង់ជីវិត នៅពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។ ទន្ទឹមនឹងនេះការស៊ើបអង្កេតក៏បានត្រូវធ្វើឡើង ចំពោះករណីគ្រោះថ្នាក់នេះផងដែរ។
មន្រ្តីយោធាដដែលបានរៀបរាប់ថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលកាំភ្លើងធំធុន K-9 Thunder មួយគ្រឿងក្នុងចំណោម ១០គ្រឿង បានឆាបឆេះរហូតដល់ផ្ទុះឡើងបង្កឲ្យក្រុមកងទ័ព ដែលកំពុងតែដំណើរការវានៅពេលនោះ រងរបួសជាទម្ងន់។ យ៉ាងណាមិញ ពុំមានទាហានអាមេរិក រងគ្រោះក្នុងហេតុការណ៍នេះឡើយ។
គួរបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតមាន ស្របពេលដែលកូរ៉េខាងត្បូង កំពុងត្រៀមខ្លួនធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Guradian ជាមួយសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែសីហានេះតទៅ ក្រោមការប្រឆាំងតវ៉ាពីសំណាក់ទីក្រុងព្យុងយ៉ាង ដែលបានចាត់ទុកសកម្មភាពយោធានេះថា ជាការហាត់សមដើម្បីឈ្លានពានកូរ៉េខាងជើង៕