(ស៊ូវ៉ា)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់ ៦.៤រ៉ិចទ័រ បានវាយប្រហារទៅតំបន់ឆ្នេរនៃប្រទេសដីកោះ ហ្វីជី នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង ខណៈភ្លាមៗបែបនេះ គេពុំទាន់ទទួលបានរបាយការណ៍ណាមួយ ដែលបញ្ជាក់អំពីការខូចខាត ឬក៏មនុស្សរងគ្រោះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង ២៖០០នាទីរសៀល (ម៉ោងនៅទីក្រុងស៊ូវ៉ា នៃប្រទេសហ្វីជី ស្ថិតភាគនិរិតីនៃមហាសាគរប៉ាស៊ីហ្វិក) ដែលមានចម្ងាយ ១៩៤.៤គីឡូម៉ែត្រពីក្រុង ឡេវូកា (Levuka) នៃកោះហ្វីជី និងញ័រចេញក្នុងជម្រៅដី ៥៣៨.៦គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ហ្វីជីជាប្រទេសដីកោះឯករាជ្យមួយ ដែលស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងទទួលរងគ្រោះធម្មជាតិដូចជា បន្ទុះភ្នំភ្លើង រញ្ជួយផែនដី និងព្យុះកំណាចនានាជាដើម៕