(អេស៉្បាញ)៖ បុរសជាអ្នកដែលបានបើករថយន្តដឹកទំនិញ បំបុកចូលហ្វូងមនុស្សក្នុងករណីភេរវកម្មនៅទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស៉្បាញនោះ ត្រូវបានប៉ូលិសបញ្ជាក់ថា គឺស្ថិតក្នុងចំណោមជនសង្ស័យទាំង ០៥នាក់ ដែលបានធ្វើសកម្មភាពប៉ុនប៉ងវាយប្រហារស្រដៀងគ្នា នៅទីក្រុងខេមប្រ៊ីលស៍ (Cambrils) ហើយត្រូវប៉ូលិសបាញ់សម្លាប់ចោល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។
ជនសង្ស័យឈ្មោះ មូស្សា អួកាប៊ឺ (Moussa Oukabir) ដែលគេជឿជាក់ថា មានវ័យត្រឹម ១៧ឆ្នាំ ប៉ុណ្ណោះនោះ ត្រូវបានប៉ូលិសអេស៉្បាញកំណត់អត្តសញ្ញាណថា គឺពិតជាស្ថិតក្នុងចំណោមជនសង្ស័យទាំង ០៥នាក់ ដែលត្រូវប៉ូលិសបាញ់សម្លាប់នៅហ្នឹងកន្លែង ធ្វើសកម្មភាពវាយប្រហារក្នុងទីក្រុង Cambrils ប្រាកដមែន បន្ទាប់ពីអាជ្ញាធរមានការសង្ស័យយ៉ាងដូច្នោះ។ យុវជន Moussa Oukabir គឺជាជនជាតិអេស្ប៉ាញមកពីក្រុង ហ្គឺរ៉ូឡា (Girona) នៃតំបន់ កាឡាតាន់ (Catalan) ភាគខាងជើង។ ជាមួយគ្នានេះជនសង្ស័យបួននាក់ផ្សេងទៀត ក៏កំពុងស្ថិតក្រោមការឃុំខ្លួនផងដែរ ដោយភាគច្រើនគឺជាជនជាតិម៉ូរ៉ូកូន។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បុរសម្នាក់បានបើករថយន្តដឹកទំនិញមួយគ្រឿង បំបុកចូលហ្វូងមនុស្សនៅលើដងផ្លូវមួយដែលសម្បូរទៅដោយភ្ញៀវទេសចរមួយកន្លែង ក្នុងទីក្រុង Barcelona ដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្សចំនួន ១៣នាក់ស្លាប់ និងជាង ១០០នាក់ រងរបួស។ ដោយឡែកនៅប៉ុន្មានម៉ោងក្រោយឈានចូលថ្ងៃសុក្រ មានករណីបើករថយន្តបំបុកមនុស្សមួយផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធគ្នា កើតឡើងក្នុងទីក្រុង Cambrils ហើយបានបង្កឲ្យមនុស្សចំនួន ០៧នាក់ របួស ខណៈជនដៃដល់ទាំង ០៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់៕