(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាយុទ្ធសាស្រ្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ស្ទេវ បានណុន (Steve Bannon) ត្រូវបានបណ្តេញចេញពីតំណែងហើយ។ នេះបើតាមប្រភពពីក្រុមមន្រ្តីសេតវិមាន ដកស្រង់ដោយស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា គម្រោងនៃការបញ្ឈប់លោក Bannon ចេញពីតំណែងនេះ ត្រូវបានគេគម្រោងចំ អស់រយៈពេលពីរសប្តាហ៍មកហើយ។ ម៉្យាងវិញទៀតស្របពេលដែល លោក Bannon ត្រូវបានផ្តល់ជម្រើសឲ្យសុំលាលែងពីតំណែងដោយខ្លួនឯងនោះ ទីបំផុតមន្រ្តីជាន់ខ្ពស់សេតវិមានរូបនេះ ក៏ត្រូវបានបង្ខំឲ្យដើរចាកចេញពីតួនាទីតែម្តង។ ជុំវិញព័ត៌មាននេះ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ ហាកាប៊ី សេនដឺស (Sarah Huckabee Sanders) ក៏បានបញ្ជាក់ទទួលស្គាល់ពីការចាកចេញរបស់ Bannon ប៉ុន្តែបានអះអាងថា ការសម្រេចចិត្តនេះ គឺមានការព្រមព្រៀងពី លោក Bannon ផ្ទាល់។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះមានការមិនពេញចិត្ត នឹងលោកទីប្រឹក្សាយុទ្ធសាស្រ្តរបស់លោកជាខ្លាំងដោយសារតែ លោក Bannon បាននិយាយស្តីផ្ទុយពីទស្សនៈរបស់ លោក ត្រាំ ជុំវិញបញ្ហាកូរ៉េខាងជើង និងទំនាក់ទំនងអាមេរិក-ចិនជាដើម។ ដោយឡែក កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ មន្រ្តីសេតវិមានចំនួនបីរូបរួមមាន អតីតប្រធានខុទ្ទការល័យ លោក រ៉េនស៍ ព្រីប៊ូល (Reince Priebus) និងអតីតអ្នកនាំពាក្យ លោក សៀន ស្ពៃស៊ឺ (Sean Spicer) រួមទាំងនាយកផ្នែកទំនាក់ទំនង លោក អាថូនី ស្ការ៉ាមូកស៊ី (Anthony Scaramucci) ទើបតែបានចាកចេញពីតំណែងប៉ុណ្ណោះ៕