(វ៉ាស៊ីនតោន)៖ អ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) លោក រ៉ូប៊ឺត ឡៃហ្ស៊ីស៊ឺ (Robert Lighthizer) បានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការហើយ ទៅលើការរំលោភកម្មសិទ្ធិបញ្ញារបស់ចិនមកលើសហរដ្ឋអាមេរិក ទោះបីជាកំពុងមានក្តីព្រួយបារម្ភអំពីហានិភ័យ នៃការបំផ្លិចបំផ្លាញទំនាក់ទំនងពាណិជ្ជកម្ម រវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។
ការិយាល័យ USTR បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការស៊ើបអង្កេតនេះ នឹងធ្វើការកំណត់ស្វែងរកធាតុពិតជាក់ស្តែងថា តើសកម្មភាព, គោលនយោបាយ, និងការអនុវត្តន៍របស់រដ្ឋាភិបាលចិន ដែលទាក់ទិននឹងការផ្ទេរបច្ចេកវិទ្យា, កម្មសិទ្ធិបញ្ញា, និងគំនិតច្នៃប្រឌិត មានភាពត្រឹមត្រូវ ហើយបង្កជាបន្ទុករាំងស្ទះដល់ វិស័យពាណិជ្ជកម្មអាមេរិកដែរ ឬយ៉ាងណា។ កិច្ចចាប់ផ្តើមជាផ្លូវការនៃការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់សិទ្ធិអនុញ្ញាតឲ្យ លោក Lighthizer ពិចារណាចំពោះរឿងនេះ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីរដ្ឋបាល លោក ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា ការលួចកម្មសិទ្ធិបញ្ញាពីបណ្ដាក្រុមហ៊ុនអាមេរិកដោយចិន មានទំហំទឹកប្រាក់ជាង ៦០០ពាន់លានដុល្លារ។ យ៉ាងណាមិញ រដ្ឋាភិបាលចិន បានព្រមានវិញថា បើសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនផ្ទុះឡើង គឺមានតែអ្នកចាញ់តែប៉ុណ្ណោះ មិនមាននរណាអាចឈ្នះឡើយ៕