(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់ (Tayyip Erdogan) នាថ្ងៃសុក្រនេះ បាននិយាយថាអធិការបតីអាល្លឺម៉ង់ លោកស្រី អែនជេឡា មឺគែល (Angela Merkel) គឺជាសត្រូវរបស់ប្រទេសតួកគី ហើយបានអំពាវនាវដល់ជនរួមជាតិរបស់លោកទាំងអស់ ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ឲ្យធ្វើការបោះឆ្នោតប្រឆាំងនឹងលោកស្រី ក៏ដូចជាគណបក្សធំៗមួយចំនួនទៀត នៅក្នុងការបោះឆ្នោតសហព័ន្ធរបស់អាល្លឺម៉ង់ នាខែក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
ថ្លែងពីទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan បាននិយាយដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់របស់ខ្ញុំ ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់... សូមបោះឆ្នោតគាំទ្របក្សនយោបាយទាំងឡាយណា ដែលពុំមែនជាសត្រូវរបស់តួកគី ស្របពេលដែលគណបក្សដូចជា Christian Democrats Union (CDU) របស់លោកស្រី Merkel, បក្សសង្គមប្រជាធិបតេយ្យ (SDP), និងបក្ស Green Party សុទ្ធតែជាបច្ចាមិត្តរបស់ប្រទេសយើង»។ លោក Erdogan បានបន្តថា «ខ្ញុំសូមអំពាវនាវដល់អ្នកទាំងអស់គ្នាថា កុំបោះឆ្នោតឲ្យគណបក្សណា ដែលបានបង្ហាញឥរិយាបថឈ្លានពាន និងប្រមាថមើលងាយមកលើតួកគីឲ្យសោះ ដោយខ្ញុំអញ្ជើញអ្នករាល់គ្នា ឲ្យផ្តល់មេរៀនដល់បក្សនយោបាយទាំងនេះម្តង នៅក្នុងការបោះឆ្នោតខាងមុខ»។
សូមជម្រាបថា សម្តីអត្ថាធិប្បាយធ្ងន់ៗបែបនេះរបស់លោក Erdogan ប្រឆាំងជាពិសេសលើលោកស្រី Merkel និងគណបក្សរបស់លោកស្រី បានបង្ហាញកាន់តែច្បាស់ថែមទៀតអំពីការបែកបាក់គ្នាកាន់តែខ្លាំង រវាងសម័្ពន្ធមិត្តអង្គការ NATO ក៏ដូចជាដៃគូពាណិជ្ជកម្មដ៏សំខាន់ទាំងពីរនេះ។ ទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងប៊ែរឡាំង បានជួបប្រទះភាពមិនល្អ បន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យនៅតួកគីកាលពីឆ្នាំមុន នៅពេលអាជ្ញាធរតួកគី បានឃុំខ្លួនមនុស្សជាង៥០,០០០នាក់ រួមទាំងបញ្ឈប់ពីតំណែងឬព្យួរការងារប្រមាណ១៥០,០០០នាក់ផ្សេងទៀត ដែលត្រូវបានអឺរ៉ុបរិះគន់យ៉ាងចាស់ដៃ។ លោក Erdogan ដែលពុំសូវមានការអត់ធ្មត់ចំពោះការរិះគន់ពីអឺរ៉ុបនោះ បានចោទប្រកាន់អាល្លឺម៉ង់ថា មានទំនោរប្រឆាំងនឹងតួកគី។
ដោយឡែកគួរបញ្ជាក់ដែរថា ជនជាតិតួកគីក្នុងចំនួនយ៉ាងច្រើន កំពុងតែរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយការបោះឆ្នោតសហព័ន្ធដើម្បីជ្រើសរើសអធិការបតីអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈលោកស្រី Merkel កំពុងឈរឈ្មោះដើម្បីបន្តកាន់មុខតំណែងនេះសម្រាប់អាណត្តិទី០៤៕