(អេស៉្បាញ)៖ គិតមកទល់ពេលនេះ មនុស្សសរុបចំនួន១៤នាក់ បានបាត់បង់ជីវិត និងប្រមាណជា១៣០នាក់ផ្សេងទៀត បានទទួលរងរបួស ក្នុងសកម្មភាពវាយប្រហារភេរវកម្មចំនួនពីរករណីរបស់ក្រុម ISIS នៅឯទីក្រុងបាសេឡូណា (Barcelona) និងទីក្រុងខេមប្រ៊ីលស៍ (Cambrils) នៃប្រទេសអេស៉្បាញនាសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
មនុស្សដែលបានស្លាប់និងរងរបួសខ្ទង់រយនាក់ទាំងអស់នេះ គឺមកពីប្រទេសយ៉ាងតិច៣៤ រួមមានបារាំង, បែលហ្សិក, អ៊ីតាលី, អាល្លឺម៉ង់, វេណេស៊ុយអេឡា, អូស្រ្តាលី, អៀរឡង់, ប៉េរូ, អាល់ហ្សេរី, ចិន, និងសហរដ្ឋអាមេរិក ជាដើម។ ចំនួនមនុស្សបាត់បង់ជីវិតបានកើនដល់១៤នាក់ បន្ទាប់ស្រ្តីម្នាក់ ដែលបានទទួលរងរបួសក្នុងសកម្មភាពវាយប្រហារភេរវកម្មនៅក្នុងទីក្រុង Cambrils បានស្លាប់ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ក្រោយពីកើតមានហេតុការណ៍ដ៏អាក្រក់ទាំងនេះ ប្រតិបត្តិការប្រឆាំងភេរវកម្មទ្រង់ទ្រាយធំ បាននិងកំពុងតែប្រព្រឹត្តទៅក្នុងប្រទេសអេស្ប៉ាញ ស្របពេលដែលកម្លាំងប៉ូលិស កំពុងបន្តតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ ដែលបានបើករថយន្តបំបុកហ្វូងមនុស្សនៅទីក្រុង Barcelona និងត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា មានឈ្មោះ Moussa Oukabir វ័យ១៨ឆ្នាំ បន្ទាប់ពីមនុស្ស០៤នាក់ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បុរសម្នាក់បានបើករថយន្តដឹកទំនិញមួយគ្រឿង បំបុកចូលហ្វូងមនុស្សនៅលើដងផ្លូវមួយដែលសម្បូរទៅដោយភ្ញៀវទេសចរមួយកន្លែង ក្នុងទីក្រុង Barcelona ដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្សចំនួន ១៣នាក់ស្លាប់ និងជាង១០០នាក់រងរបួស ។ ដោយឡែកនៅប៉ុន្មានម៉ោងក្រោយឈានចូលថ្ងៃសុក្រនេះ មានករណីបើករថយន្តបំបុកមនុស្សមួយផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធគ្នា កើតឡើងក្នុងទីក្រុង Cambrils ហើយបានបង្កឲ្យមនុស្សចំនួន០៧នាក់របួស ខណៈជនដៃដល់ទាំង០៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់៕