(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ផ្ទុះការវាយប្រហារភេរវកម្ម០២ករណីនៅអេស៉្បាញ ដោយមួយករណីកើតឡើងក្នុងទីក្រុងបាសេឡូណា (Barcelona) ជាមួយមនុស្សស្លាប់១៣នាក់ និងរបួស១០០នាក់ ខណៈមួយករណីទៀតនៅក្រុងខេមប្រ៊ីលស៍ (Cambrils) ជាមួយមនុស្សស្លាប់ម្នាក់ និងរបួស០៦នាក់៕
២៖ កូរ៉េខាងជើងព្រមានធ្ងន់ៗថា វិនាសកម្មនៃសង្គ្រាមដ៏ធំធេងនឹងផ្ទុះឡើង បើសិនជាអាមេរិក-កូរ៉េខាងត្បូង ហ៊ានធ្វើសមយុទ្ធយោធានៅសប្តាហ៍ក្រោយ។
៣៖ នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនភុក (Nguyen Xuan Phuc) បំពេញដំណើរទស្សនកិច្ចផ្លូវការលើកដំបូង នៅឯប្រទេសថៃ ក្រោមការទទួលស្វាមគមន៍របស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។
៤៖ ព្រឹត្តិការណ៍តាំងពិពណ៌អន្តរជាតិទីក្រុងដាម៉ាស់ ចាប់ផ្តើមប្រាព្ធឡើងជាធម្មតាដូចដើមវិញ ក្រោយពីបានផ្អាកអស់រយៈពេល០៥ឆ្នាំ ដោយសារតែសង្រ្គាមស៊ីរី។
៥៖ អង្គចៅក្រមស្បថចូលកាន់តំណែង នៅតុលាការអ៊ីនធឺណែតមួយដែលទើបបង្កើតឡើង ក្នុងទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ដើម្បីដោះស្រាយសំណុំរឿងនានា ពាក់ព័ន្ធបញ្ហាវិវាទតាមអនឡាញ ដែលកំពុងតែកើនឡើងខ្លាំង។
៦៖ ជុំវិញរឿងក្តីនាវាដឹកកុងតឺន័រហ្វីលីពីន បុកនាវាពិឃាតអាមេរិក មេបញ្ជាការកងនាវាអាមេរិកម្នាក់ ត្រូវបានដកចេញពីតំណែង ខណៈគ្រោះថ្នាក់នោះបានសម្លាប់នាវិក០៧នាក់។
៧៖ ទ័ពជើងទឹករុស្ស៊ី បាញ់តេស្តមីស៊ីលប្រដេញ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរខ្នាតយក្ស នៅភាគពាយ័ព្យប្រទេស៕