(ប៉ាណាម៉ា)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) បានសន្យាថា លោកនឹងស្វែងរកផលប្រយោជន៍រួមរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអាមេរិឡាទីន បន្ទាប់ពីដំណើរទស្សនកិច្ចមកកាន់ប្រទេសអាមេរិកឡាទីនចំនួន ០៤ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយអាមេរិក ប្រឆាំងនឹងប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ខណៈប្រទេសទាំងនេះមាន ការយល់ឃើញខុសគ្នាលើវិបត្តិនៅវេណេស៊ុយអេឡាបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនាឱកាសឈប់សំចតចុងក្រោយ នៃដំណើរទស្សនកិច្ចរបស់នៅប្រទេសប៉ាណាម៉ា កាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ៃ ភែន បានលើកឡើងថា «គោលនយោបាយផលប្រយោជន៍អាមេរិកមុនគេ» ឬ« America First» មិនមែនផ្ដោតសំខាន់តែទៅលើសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែគឺផ្ដោតសំខាន់លើទ្វីបអាមេរិកទំាងមូល ហើយបើទោះជាក្រោមអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិកនឹងនៅតែគិតលើសន្តិសុខ និងការរីកចំរើនរបស់អាមេរិកមុនគេ តែខ្ញុំសង្ឃឹមថា វត្តមានរបស់យើងថ្ងៃនេះនៅទីនេះ អាចបញ្ជាក់បានថា «America First» មិនមែនមានន័យថា សហរដ្ឋអាមេរិកតែម្នាក់ឯងនោះឡើយ»។
គួររំលឹកថា កាលពីថ្ងៃពុធនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក ម៉ៃ ភែន ប្រធានាធិបតីឈីលី លោកស្រី មីឈែល បាសេឡេត (Michelle Bachelet) បាននិយាយថា ឈីលីនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីជួយវេណេស៊ុយអេឡា ដោះស្រាយវិបត្តិនៅក្នុងប្រទេសដោយសន្តិវិធី ដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ។ ក៏ប៉ុន្តែលោកស្រី ក៏បានអះអាងថា ឈីលីនឹងមិនគាំទ្រជាដាច់ ការធ្វើរដ្ឋប្រហារ ឬក៏អន្តរាគមន៍យោធានៅវេណេស៊ុយអេឡា ហើយនេះហាក់ដូចជាការឆ្លើយទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំដែលធ្លាប់បានព្រមានប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងលោក ម៉ាឌូរ៉ូ៕