(អាមេរិក)៖ សម្រាប់អ្នកដឹកនាំរឿងម្នាក់ឈ្មោះ Emer Reynolds បេសកកម្មអវកាស Voyager គឺជាដំណើរផ្សងព្រេងរុករកក្នុងទីអវកាស ដ៏អស្ចារ្យជាងគេបំផុតសម្រាប់មនុស្សលោកយើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន NBC News នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
គម្រោងខ្សែភាពយន្តចុងក្រោយគេបំផុតរបស់ លោកស្រី Reynold មានចំណងជើងថា «The Farthest» រៀបរាប់អំពីដំណើររឿងនៃយានអវកាសភ្លោះ Voyager ១ និង ២ ដែលជាវត្ថុស្នាដៃមនុស្សដំបូងគេបំផុត ដែលបានឆ្លងផុតព្រំដែននៃប្រព័ន្ធព្រះអាទិត្យរបស់យើង រួមទាំងមនុស្សប្រុស និងមនុស្សស្រីជាច្រើននាក់ទៀត ដែលបានគ្រោងរៀបចំ រចនា និងចូលរួមចំណែកក្នុងភាពជោគជ័យនៃបេសកកម្មនេះ។
យានអវកាសទំហំតូច និងឯកោមួយនេះត្រូវបានគេបាញ់បង្ហោះទៅកាន់ទីអវកាស កាលពី៤០ឆ្នាំមុន ហើយយាននីមួយៗ គឺ Voyager-1 និង Voyager-2 សព្វថ្ងៃកំពុងស្ថិតនៅចម្ងាយប្រមាណ ២១ពាន់លានគីឡូម៉ែត្រពីផែនដី ជាមួយល្បឿនធ្វើដំណើរ ៦១,១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយយាន Voyager-1 បានឆ្លងផុតដែនអវកាសនៃប្រព័ន្ធផ្កាយរបស់យើង ចូលទៅកាន់តំបន់ដែលគេហៅថា Interstellar Space (លំហអាកាសចន្លោះផ្កាយ) បាត់ទៅហើយ។
លោកស្រី Emer Reynolds បានលើកឡើងថា ធាតុពិតជាក់ស្តែងនោះគឺថា យានអវកាសភ្លោះទាំងពីរគ្រឿងនេះ នឹងនៅតែបន្តធ្វើដំណើរផ្សងព្រេងឥតឈប់ឈរ ក្នុងកាឡាក់ស៊ីរាងគូទខ្យងរបស់យើង ពោលគឺពួកវាអាចនឹងរសាត់អណ្តែត នៅក្នុងកាឡាក់ស៊ី Milky Way សម្រាប់រយៈពេលរាប់លានឆ្នាំតទៅមុខទៀត ឬមួយក៏រាប់ពាន់លានឆ្នាំក៏ថាបាន... និយាយរួមបើសំណាងល្អ Voyager នឹងបន្តវត្តមានបានយូរអង្វែងជាងមនុស្សលោកយើង ហើយអាចក្លាយជាស្លាកស្នាមចុងក្រោយ ដែលនៅសេសសល់តែមួយគត់នៃវត្តមានរបស់ពួកយើង។ អ្នកដឹកនាំរឿងដែលមានចំណាប់អារម្មណ៍ខ្ពស់ ក្នុងវិស័យអវកាសរូបនេះបានបន្តថា វាពិតជាសំខាន់ចំពោះយើង ដែលនៅពេលអនាគតដ៏វែងឆ្ងាយមួយ ប្រហែលជានៅដែលមនុស្សលោក លែងមានវត្តមាននៅក្នុងចក្រវាឡទៀតនោះ ជីវិតដទៃផ្សេងអាចនឹងប្រទះឃើញយានអវកាសនេះ ហើយដឹងថាពួកយើងធ្លាប់មានវត្តមាននៅទីនេះ។
គួរបញ្ជាក់ថា យានអវកាស Voyager-1 និង Voyager-2 ត្រូវបានអង្គការ NASA បញ្ជូនឲ្យទៅធ្វើការសិក្សាស្រាវជ្រាវនៅក្រៅប្រព័ន្ធព្រះអាទិត្យ ខណៈគោលដៅដើមរបស់ពួកវា គឺសិក្សាតែលើភពព្រហស្បតិ៍ (Jupiter) និង ភពសៅរ៍ (Saturn) ប៉ុណ្ណោះ។ យានទាំងពីរគ្រឿងនេះ ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ១៩៧៧ ដើម្បីប្រើប្រាស់ភាពអំណោយផលនៃទីតាំងគោចររបស់ភពព្រហស្បតិ៍, ភពសៅរ៍, ភពអ៊ុយរ៉ាណុស (Uranus), និងភពណិបទូន (Neptune)។ អ្វីដែលពិសេសនោះ គឺយាន Voyager-1 និង Voyager-2 នេះ មានភ្ជាប់ទៅជាមួយនូវផែនទីដ៏ពិសេស ដែលអាចប្រាប់ទីតាំងរបស់ភពផែនដីយើង និងកាលបរិច្ឆេទនៅពេលដែលពួកវាបានធ្វើដំណើរចាកចេញពីផែនដី៕