(វ៉ាស៊ីនតោន)៖ សហអ្នកនិពន្ធសៀវភៅជីវប្រវត្តិរបស់ លោក ដូណាល់ ត្រាំ «The Art of the Deal» គឺលោក ថូនី ស្កាវ៉ាតស៍ (Tony Schwartz) បានព្យាករណ៍ថា ប្រធានាធិបតីអាមេរិករូបនេះ អាចនឹងលាលែងពីតំណែងយ៉ាងយូរនៅចុងឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Independent នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
យោងតាម The Idependent លោក Tony Schwartz ជឿជាក់យ៉ាងមុតមាំថា លោក ដូណាល់ ត្រាំ អាចនឹងលាលែងពីតំណែងជាប្រធានាធិបតីអាមេរិក នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយលោកក៏បានព្យាករណ៍ដែរថា លោក ត្រាំ ទំនងជាអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយស្ថាប័ននយោបាយអាមេរិក ដើម្បីទទួលអភ័យឯកសិទ្ធិ នៅក្នុងសំណុំរឿងអាស្រូវមាន ទំនាក់ទំនងជាមួយរុស្ស៊ី ជាថ្នូរមកវិញនឹងការសន្យាលាលែងពីដំណែងជាប្រធានាធិបតី។ លោក Tony Schwartz បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះទន់ខ្សោយ... ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ បើសិនជាគាត់អាចកាន់ដំណែងនេះ រហូតដល់ចុងឆ្នាំ ព្រោះខ្ញុំជឿថា គាត់អាចនឹងលាលែងពីតំណែងនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ឬអាចលឿនជាងនេះក៏ថាបាន»។
គួរបញ្ជាក់ថា ការសន្និដ្ឋានខាងលើរបស់ លោក Tony Schwartz ធ្វើឡើងចំពេលដែល លោក ដូណាល់ ត្រាំ កំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ពាក់ព័ន្ធនឹងអំពើហិង្សារវាងក្រុមស្បែកសនិយមជ្រុល និងក្រុមអ្នករើសអើងជាតិសាសន៍ នៅឯទីក្រុង ឆាឡូតតេសវាល (Charlottesville) នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕