(សេអ៊ូល)៖ កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃសុក្រនេះ បានឱ្យចំណាត់ថ្នាក់បរាជ័យដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន សម្រាប់ការកាន់តំណែងបាន ១០០ថ្ងៃមកនេះ ហើយថែមទំាងចាត់ទុកថា លោក មូន គឺជា «មនុស្សពុតត្បុត»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
លោក មូន ជែអ៊ីន បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីកាលពីខែឧសភា បន្ទាប់ពីការទម្លាក់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ចេញពីដំណែង ហើយចាប់ពីពេលនោះ មកដែរលោកបានសាកល្បងព្យាយាមដោះស្រាយបញ្ហាកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង តាមរយៈការស្វែងរកកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាង តែរហូតមកទល់ពេលនេះ របបដឹកនាំលោក គីម ជុងអ៊ុន មិនទាន់ឆ្លើយតបនឹងសំណើសុំចរចានេះនៅឡើយទេ។ បន្ថែមពីលើនេះ នៅក្នុងសុន្ទរកថានាឱកាសនៃកាន់ដំណែង១០០ថ្ងៃ លោក មូន ក៏បានបញ្ជាក់ឡើង វិញដែរថា នឹងមិនមានសង្រ្គាមជាដាច់ខាតជាមួយកូរ៉េខាងជើង បើសិនជាគ្មានការយល់ព្រមពីទីក្រុងសេអ៊ូល ដោយលោកនៅតែជំរុញឱ្យទីក្រុងព្យុងយ៉ាង បញ្ឈប់ការធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរ។
តែទោះជាយ៉ាងនេះក្ដី កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចាត់ទុកថា លោក មូន ជែអ៊ីន គឺជា «មនុស្សពុតត្បុត» រីឯការធ្វើការងារ ១០០ថ្ងៃ មកនេះគឺអន់គ្មានលេខដាក់ និងគួរឱ្យអស់សង្ឃឹមជាទីបំផុត។ មួយវិញទៀត ដោយមិននិយាយចំឈ្មោះ លោក មូន នៅក្នុងបទវិចារណកថារបស់ខ្លួន Rodong Sinmun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកកាន់អំណាចនៅកូរ៉េខាងត្បូងបាននិយាយថា រូបគាត់កំពុងជំរុញឱ្យមានការដាក់ទណ្ឌកម្ម និងសម្ពាធ ខណៈកំពុងព្យាយាមស្វែងរកកិច្ចសន្ទនាក្នុងពេលជាមួយគ្នា។ ប៉ុន្តែនេះគឺរឿងមិនអាចទទួលយកបាន និងគ្រាន់តែធ្វើឡើងតាមការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិក ដើម្បីដណ្ដើមទឹកដីកូរ៉េខាងជើងតែប៉ុណ្ណោះ... កិច្ចសន្ទនា និងទណ្ឌកម្មមិនអាចដើរទៅមុខរួមគា្នបាននោះទេ»៕