(បាងកក)៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនភុក (Nguyen Xuan Phuc) បាននិងកំពុងតែបំពេញដំណើរទស្សនកិច្ចនៅឯប្រទេសថៃ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាទ្វេភាគី ក៏ដូចជាអន្តរជាតិជាច្រើន និងរឹតបន្តឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
បន្ទាប់ពីទៅដល់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិម្សិលមិញនេះ លោក Phuc បានចូលជួបជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅឯវិមានរដ្ឋាភិបាលថៃ ដើម្បីធ្វើការជជែកពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ រួមមានកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ, ការវិនិយោគទុក និងពាណិជ្ជកម្ម, រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាដើម។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅឯប្រទេសថៃលើកទីមួយហើយ របស់លោកនាយករដ្ឋមន្រ្តីវៀតណាម ចាប់តាំងតែពីរូបលោក បានឡើងកាន់អំណាចកាលពីខែមេសា ឆ្នាំ២០១៦មក៕