(ម៉ូស្គូ)៖ នាថ្ងៃសុក្រនេះយោធាប្រទេសរុស្ស៊ី បានធ្វើតេស្តបាញ់មីស៊ីលប្រដេញ (Cruise Missile) ដោយជោគជ័យ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដ៏ធំមហិមាមួយគ្រឿង នៅក្នុងតំបន់ អាខាងជែល (Arkhangelsk) ភាគពាយ័ព្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
កងទ័ពជើងទឹករុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា នាវាមុជទឹក ស៊ឺវើរ៉ូដវីនក៍ (Severodvinsk) ដែលមានសមត្ថភាពចម្រុះរបស់កងអង្គភាពជើងទឹកភាគខាងជើង បានធ្វើការបាញ់សាកល្បងមីស៊ីល Kalibr ចំនួនមួយគ្រាប់ចេញពីក្រោមផ្ទៃសមុទ្រដោយជោគជ័យ នៅឯទីតាំងធ្វើតេស្តក្នុងសមុទ្រ បារេនស៍ (Barents) និងមានគោលដៅនៅទីតាំងសាកល្បង ឈីហ្សា (Chizha) ក្នុងតំបន់ Arkhangelsk ខណៈមីស៊ីលនេះរត់បានចម្ងាយប្រមាណ ៦០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា នាវាមុជទឹក Severodvinsk គឺជានាវាមុជទឹកប្រភេទ យ៉ាសេន (Yasen) តែមួយគ្រឿងគត់ ដែលកំពុងធ្វើប្រតិបត្តិការក្នុងជួរកងទ័ពជើងទឹករុស្ស៊ី។ វាមានទម្ងន់ ១៣,៨០០តោន, ប្រវែង ១១៨ម៉ែត្រ, អាចធ្វើដំណើរក្នុងល្បឿន ៣៧គីឡូម៉ែត្រក្នុងមួយម៉ោង, និងអាចមុជចូលទៅក្នុងផ្ទៃទឹកបានជម្រៅ ៦០០ម៉ែត្រ៕