(ការ៉ាកាស់)៖ អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡាថ្មី លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស (Delcy Rodriguez) បាននិយាយថា អាជ្ញាធររដ្ឋាភិបាលនឹងតាមប្រមាញ់ ក៏ដូចជាចាប់មេដឹកនាំបាតុករបង្កហិង្សាទាំងអស់ដាក់ពន្ធនាគារ ហើយការព្រមាននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះមុននឹងច្បាប់ស្ដីពីបទឧក្រិដ្ឋញុះញង់ឱ្យមានការស្អប់ខ្ពើម ត្រូវគេរំពឹងថា អាចនឹងត្រូវអនុម័ត បើទោះជាមានការជំទាស់ពីក្រុមអ្នកការពារសិទ្ធិមនុស្សក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
ច្បាប់ថ្មីរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ គឺមានគោលបំណងប្រឆាំងនឹងរាល់សកម្មភាពបង្កភាពស្អប់ខ្ពើម ត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សថ្កោលទោសយ៉ាងខ្លាំង ព្រមទាំងចោទថា មានគោលដៅលើក្រុមគណបក្សប្រឆាំង ហើយច្បាប់នេះទៀតសោត នឹងត្រូវបានអនុម័តដោយសភាធម្មនុញ្ញថ្មី នៅថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)។ ជាមួយគ្នានោះដែរ លោកស្រី Delcy Rodriguez ដែលជាមនុស្សស្មោះត្រង់នឹងលោក ម៉ាឌូរ៉ូ ក៏បានបញ្ជាក់ដែរថា ច្បាប់ថ្មីនឹងត្រូវអនុម័តនៅមុនចុងសប្ដាហ៍នេះ។
ម្យ៉ាងវិញទៀត អគ្គរដ្ឋអាជ្ញារូបនេះ ថែមទំាងសន្យាថា នឹងតាមប្រមាញ់ និងចាប់ខ្លួនមេដឹកនាំបាតុករបង្កហិង្សាដាក់ពន្ធនាគារ សម្រាប់ការទទួលខុសត្រូវ លើការស្លាប់របស់មនុស្សច្រើនជាង ១២០នាក់ គិតចាប់តាំងពីផ្ទុះបាតុកម្មតវ៉ាទូទាំងប្រទេស កាលពីខែមេសាមក។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី០៨ ខែសីហា កងកម្លាំងរក្សាសណ្ដាប់ធ្នាប់ និងក្រុមគាំទ្ររដ្ឋាភិបាល លោក ម៉ាឌូរ៉ូ គឺជាអ្នកទទួលខុស ត្រូវលើការស្លាប់ចុងក្រោយនៃក្រុមបាតុករ ៧៣នាក់ គិតចាប់តាំងពីខែមេសាមក៕