(អេស៉្បាញ)៖ ប៉ូលិសអេស៉្បាញបានឲ្យដឹងថា ពួកគេបានបាញ់សម្លាប់ជនសង្ស័យចំនួន ០៥នាក់ នៅក្នុងក្រុងខេមប្រ៊ីលស៍ (Cambrils) ដើម្បីបញ្ឈប់សកម្មភាពប៉ុនប៉ងវាយប្រហារដោយការបើករថយន្តបំបុកមនុស្សមួយក្រុមផ្សេងទៀត ក្រោយពីករណីស្រដៀងគ្នាកើតឡើងដោយបានសម្រេច នៅប៉ុន្មានម៉ោងមុនក្នុងទីក្រុងបាសេឡូណា (Barcelona) ហើយបណ្តាញភេរវករលេខ១លើលោក ISIS ត្រូវបានក្រុមជំនាញដាក់ការសង្ស័យខ្លាំងជាងគេថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងទីក្រុង Cambrils មនុស្សចំនួន ០៧នាក់ បានទទួលរងរបួស ដោយក្នុងចំណោមនោះទាំងមន្រ្តីប៉ូលិសមួយរូបផងដែរ នៅពេលដែលរថយន្តមួយគ្រឿង ត្រូវបានគេបើកសំដៅបំបុកទៅលើមនុស្សមួយក្រុម នាថ្ងៃសុក្រនេះ។ យោងតាមសារព័ត៌មានអេស្ប៉ាញ រថយន្តនោះបានក្រឡាប់ ហើយនៅពេលដែលជនសង្ស័យនៅក្នុងរថយន្តបានចេញមកក្រៅ កម្លាំងប៉ូលិសក៏បានបើកការបាញ់ប្រហារភ្លាមៗទៅលើពួកគេ ដោយជនសង្ស័យចំនួន ០៤នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈជនទី ០៥ បានទទួលរងរបួស ហើយទើបតែបានបាត់បង់ជីវិតនៅមុននេះបន្តិច ក្រោមការឃាត់ខ្លួនរបស់ប៉ូលិស។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បុរសម្នាក់បានបើករថយន្តដឹកទំនិញមួយគ្រឿង បំបុកចូលហ្វូងមនុស្ស នៅលើដងផ្លូវដែលសម្បូរទៅដោយភ្ញៀវទេសចរមួយកន្លែង ក្នុងទីក្រុង Barcelona ដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្សចំនួន ១៣នាក់ស្លាប់ និង១០០នាក់រងរបួស ហើយចំនួននេះអាចនឹងបន្តកើនឡើង ដោយសារតែក្នុងអ្នករងរបួសមួយចំនួន បានស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង។ ជាមួយគ្នានេះ ក្រុមមន្រ្តីប៉ូលិសអេស៉្បាញ កំពុងធ្វើការតាមប្រមាញ់ចាប់ខ្លួន អ្នកបើកបររថយន្តបង្កហេតុ ខណៈយោងតាមសាក្សីជាច្រើន ជនដៃដល់បានរត់គេចខ្លួនពីកន្លែងកើតហេតុដោយថ្មើរជើង៕