ជុំវិញរឿងក្តីនាវាដឹកកុងតឺន័រហ្វីលីពីន បុកនាវាពិឃាតអាមេរិក «មេបញ្ជាការកងនាវាអាមេរិកម្នាក់ ត្រូវបានដកចេញពីតំណែង» ខណៈគ្រោះថ្នាក់នោះបានសម្លាប់នាវិក ០៧នាក់!
18-08-2017 09:48
(វ៉ាស៊ីនតោន)៖ មេបញ្ជាការកងនាវាពិឃាតអាមេរិកម្នាក់ ត្រូវបានគេដកចេញពីតួនាទី បន្ទាប់ពីនាវាពិឃាដអាមេរិក USS Fitzgerald បុកគ្នាជាមួយកាប៉ាល់ដឹកទំនិញហ្វីលីពីនមួយ គ្រឿងនៅឈូងសមុទ្រជប៉ុនកាលពីខែមិថុនា ដោយបណ្ដាលឱ្យនាវិក ០៧នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
យោងតាម លោក ប៊ៀល ម៉ូរ៉ាន (Bill Moran) អនុប្រធានប្រតិបត្តិការកងនាវាអាមេរិក មន្ត្រីជាច្រើននាក់មកពី កងនាវាពិឃាត USS Fitzgerald អាចនឹងត្រូវបានដកចេញពីដំណែង ក្នុងនោះរួមទាំងមន្ត្រីប្រតិបត្តិការ និងមេបញ្ជាការម្នាក់ផងដែរ។ លោក Bill Moran បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ពួកគេនឹងមិនមានជាប់ពាក់ព័ន្ធនឹងនាវាពិឃាតអាមេរិកនេះទៀតទេ ពីព្រោះតែយើងបាន បាត់បង់ជំនឿ និងការទុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការដឹកនាំ ក៏ដូចជាកាន់ដំណែងតទៅទៀត... ពួកគេនឹងមិនត្រឡប់មកកាន់នាវានេះ ជាថ្មីម្ដងទៀតឡើយ»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះមូលហេតុនៃគ្រោះថ្នាក់បុកគ្នា រវាងនាវាពិឃាតអាមេរិក USS Fitzgerald ជាមួយកាប៉ាល់ដឹកទំនិញហ្វីលីពីនមួយ គ្រឿងនៅឈូងសមុទ្រជប៉ុន កាលពីខែមិថុនា មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈក្រុមនាវិកជាច្រើននាក់ កំពុងប្រឈមមុខនឹងការពិន័យខាងផ្នែករដ្ឋបាល៕