(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានធ្វើការថ្កោលទោសខ្លាំងៗលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនាថ្ងៃព្រហស្បតិ៍នេះថា ពួកគេកំពុងតែរុញច្រានស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ ឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយហើយ តាមរយៈការធ្វើសមយុទ្ធយោធានាសប្តាហ៍ក្រោយនេះ សំដៅប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងបទវិចារណកថាមួយរបស់ខ្លួន ទីភ្នាក់ងារព័ត៌មាន KCNA បានលើកឡើងថា សមយុទ្ធយោធារួមគ្នារវាងសម្ព័ន្ធមិត្ត អាមេរិក-កូរ៉េខាងត្បូង នឹងកាន់តែជម្រុញឲ្យស្ថានការណ៍តំបន់ឧបទ្វីបកូរ៉េ ធ្លាក់ទៅក្នុងគ្រោះមហន្តរាយថែមទៀត។ កូរ៉េខាងជើងដែលបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់អន្តរជាតិ កាលពីខែកក្កដាកន្លងទៅ តាមរយៈការបាញ់ធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប ICBM ចំនួនពីរលើកដោយជោគជ័យនោះ តែងតែមានការមិនពេញចិត្តនោះឡើយ ចំពោះសកម្មភាពយោធាគ្រប់ទម្រង់ទាំងអស់ រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា Ulchi Freedom Guardian ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះតទៅ។ ប្រទេសទាំងពីរបានហៅសមយុទ្ធរួមនេះថា ជាការហ្វឹកហាត់សមត្ថភាពការពារខ្លួន ក៏ប៉ុន្តែកូរ៉េខាងជើងបានថ្កោលទោសវាថា គឺជាការហាត់សមមួយសម្រាប់ការធ្វើសង្រ្គាមនុយក្លេអ៊ែរ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕