(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងនៅតែបន្តធ្វើសមយុទ្ធយោធារួមគ្នាជាមួយ កូរ៉េខាងត្បូងដដែលនាសប្តាហ៍ក្រោយ ដោយមិនខ្វល់ពីការប្រឆាំងរបស់ប្រទេសកូរ៉េខាងជើងឡើយ ខណៈទីក្រុងសេអ៊ូលបានក្រើនរំលឹកថា វាអាចនឹងធ្វើឲ្យទីក្រុងព្យុងយ៉ាង បង្កហេតុជាថ្មីម្តងទៀត។ នេះបើតាមសម្តីរបស់ក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានបញ្ជាក់ថា សមយុទ្ធយោធារួមរវាងសម្ព័ន្ធទាំងពីរ នឹងប្រព្រឹត្តទៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ទោះបីជាទើបតែមានភាពតានខ្លាំងជាមួយកូរ៉េខាងជើងយ៉ាងណាក្តី។ លោកស្រី Nauert បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងនឹងនៅតែបន្តធ្វើសមយុទ្ធយោធានេះដដែល ដោយគ្មានការផ្លាស់ប្តូរអ្វីទាំងអស់»។
លោកស្រីអ្នកនាំពាក្យថែមទាំងបានបន្ត ច្រានចោលគំនិត ដែលត្រូវបានលើកឡើងកាលពីពេលកន្លងទៅដោយចិននិងរុស្ស៊ីថែមទៀត ដើម្បីស្នើឲ្យផ្អាកការធ្វើសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង ជាថ្នូរនឹងការបញ្ឈប់សកម្មភាពបង្ករឿងបាញ់សាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ ដោយឡែកលោកស្រី Nauert បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយ ជុំវិញសំណួរថាតើសមយុទ្ធយោធាលើកនេះ អាចនឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយតូចជាងមុនដែរឬយ៉ាងណានោះឡើយ ដោយនិយាយថា វាគឺជាសំណួរសម្រាប់មន្ទីរបញ្ចកោណអាមេរិក។
គួរបញ្ជាក់ថា ទោះបីជាភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ ហាក់ដូចជាបានថយចុះវិញ ក្រោយពីសង្រ្គាមពាក្យសម្តីយ៉ាងក្តៅគគុក រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងបានផ្ទុះឡើងកាលពីសប្តាហ៍មុនក៏ដោយ កូរ៉េខាងត្បូងបានព្រមានថា នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលធ្វើសមយុទ្ធយោធារួមគ្នាជាថ្មីម្តងទៀត ក្រោមក្រសែភ្នែករបស់ លោក គីម ជុងអ៊ុន ដែលបានសម្រេចផ្អាកផែនការបាញ់មីស៊ីលព្រមានកោះហ្គាំ (Guam) ដើម្បីរង់ចាំមើលសកម្មភាពអាមេរិកបន្តិចសិននោះ អាចនឹងធ្វើតេស្តមីស៊ីលផ្លោងសាជាថ្មីបន្តទៀតដែរ៕