(កាតា)៖ រដ្ឋាភិបាលប្រទេសកាតា បានប្រកាសស្វាគមន៍ចំពោះសេចក្តីសម្រេច ពីសំណាក់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលព្រមបើកព្រំដែនអនុញ្ញាតដល់ ជនជាតិកាតាដែលប្រតិបត្តិសាសនាអ៊ីស្លាម ទៅចូលពិធីបុណ្យហាជ នៃសាសនាអ៊ីស្លាម នៅក្នុងទីក្រុងម៉េកាដ៏ពិសិដ្ឋរបស់អារ៉ាប៊ីសាអូឌីត ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន និងអេហ្ស៊ីប បានសម្រេចចិត្តកាត់ផ្តាច់ចំណងការទូត និងបិទព្រំដែនជាមួយប្រទេសកាតា ដោយចោទប្រកាន់ប្រទេសឈូងសមុទ្រមួយនេះថា បានគាំទ្រអំពើភេរវកម្ម និងលួចឃោបឃិតធ្វើរឿងល្មើសច្បាប់ជាមួយចលនាភេរវកម្ម នៅក្នុងប្រទេសអ៊ីរ៉ង់ តាំងតែពីខែមិថុនាមកម្ល៉េះ។
សម្រាប់ការអនុញ្ញាត ឲ្យបើកចំហព្រំដែនឡើងវិញលើកនេះ ក៏ជាអាចជាសញ្ញាថា វិបត្តិកាតានឹងធូរស្រាលឡើងវិញដែរ ខណៈអាមេរិកហាក់មិនបង្ហាញការកាន់ជើងខាងណានោះឡើយ ហើយថែមទាំងបានលក់អាវុធជាច្រើនពាន់លានដុល្លារ ឲ្យប្រទេសកាតាថែមទៀតផង នៅក្រោយរឿងហេតុនានាផ្ទុះឡើង៕