(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះបានទទួលជួបពិភាក្សាការងារ ជាមួយប្រធានសេនាធិការយោធាអាមេរិក លោកឧត្តមសេនីយ៍ ចូសិប ឌុនហ្វដ (Joseph Dunford) នៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
នេះគឺជាដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន ជាលើកដំបូងបំផុតរបស់ លោក Joseph Dunford ក្នុងនាមជាមន្ត្រីជាន់ខ្ពស់អាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាអាមេរិកមក។ ជាមួយគ្នានោះ កាលពីព្រឹកមិញនេះ លោក ហ្វេន ឆាងឡុង (Fan Changlong) អនុប្រធានគណៈកម្មាការមជ្ឈិមយោធាចិន ក៏បានជួបពិភាក្សាការងារជាមួយ លោក Dunford ផងដែរ ដោយលោកបានប្រាប់ លោក Dunford ថា ការប្រើប្រាស់កម្លាំងយោធាមិនមែនជាជម្រើស សម្រាប់ដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើងនោះទេ រីឯការចរចានៅតែវិធានការដ៏ប្រសើរ ក្នុងការដោះស្រាយបញ្ហាបច្ចុប្បន្ន។
គួរបញ្ជាក់ថា មុននឹងធ្វើដំណើរមកកាន់ប្រទេសចិន លោក Dunford បានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងសេអ៊ូល ព្រមទាំងជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន។ ចំណែកឯរបៀបវារៈរវាងលោក និងលោក ស៊ី ជិនពីង មិនត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈគេរំពឹងថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅលើឧបទ្វីបកូរ៉េ អាចនឹងត្រូវបានលើកយកជជែកនៅក្នុងជំនួបនេះ។ លោក Dunford ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នៅប៉ុន្មានថ្ងៃមុខនេះ៕